ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើងចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ដែលមានរហស្សនាម”ក្រុមPPK” និងមានជំនាញខាងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈនៅស្រុកកណ្ដាលស្ទឹង ត្រូវបានឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី ហើយបានបង្ហាញមុខជាសាធារណៈ និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល។
នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ដែលមានរហស្សនាមថា (ក្រុមPPK) ដោយធ្វើសកម្មភាពបង្ហោះម៉ូតូ កាលពីវេលាម៉ោង១៤:២០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៣៤ ស្ថិតក្នុងភូមិអង្រ្គង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យទាំង០៦ មានដូចខាងក្រោម៖
១-ឈ្មោះ ឡាច ដាលីន អាយុ ២០ឆ្នាំមុខរបរ កសិករ ជាអ្នកបង្ហោះម៉ូតូ (ឃាត់ខ្លួន)
២-ឈ្មោះ សុខ ឡេង អាយុ ១៦ឆ្នាំ មុខរបរ កសិករ (ឃាត់ខ្លួន),
៣-ឈ្មោះ លឿត សុខខេម អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)
៤-ឈ្មោះ ម៉ុយ យុគ អាយុ ១៦ឆ្នាំ មុខរបរកសិករ (ឃាត់ខ្លួន)
៥-ឈ្មោះ រាជ អាយុ ១៥ឆ្នាំ មុខរបរ កសិករ( គេចខ្លួន),
៦-ឈ្មោះ រី អាយុ ១៥ឆ្នាំ មុខរបរកសិករ ជាអ្នកបង្ហោះម៉ូតូ (រត់គេចខ្លួន)
ជនសង្ស័យទាំង០៦នាក់ សុទ្ធតែមានទីលំនៅជាមួយគ្នាក្នុងភូមិ ព្រៃល្វា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
វត្ថុតាងរួមមាន :-ម៉ូតូចំនួន០២គ្រឿង, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០៤នាក់បានឆ្លើយសារភាពថា ÷ក្រុមខ្លួនមានឈ្មោះថា (ក្រុម PPK) គឺពិតជាបានធ្វើសកម្មភាព ជិះម៉ូតូបង្ហោះលើផ្លូវលេខ៣៤ ចំណុចឃុំរកា និងឃុំរលាំងកែន នៃស្រុកកណ្តាលស្ទឹង ពិតប្រាកដមែននិងចំនួនពីរដងមកហើយ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកចំពោះជនសង្ស័យដែលគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធី៕
ដោយ៖ តារា