ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង០៥នាក់ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនា​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ខេត្ត​បាត់ដំបង​ បញ្ជូនខ្លួន​ទៅតុលាការ​

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្មេងទំនើង០៥នាក់ ត្រូវ​បានកម្លាំងសមត្ថកិច្ចជំនាញ​ផ្នែក​យុត្តិធម៌​ ចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនា​ នៅក្រុងបាត់ដំបង​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បង្ហាញ​មុខ​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

ប្រភពដដែលបន្តថា​ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទី ត្រង់ចំណុចក្រុមទី០២ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ អឹង លីហួរ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយរលាត់ស្បែកចេញឈាម លើប្រអប់ជើង ខាងស្ដាំ, ហើមកូនដៃ ខាងស្ដាំ និងស្នាមជាំក្រហមត្រង់ភ្នែក ខាងស្ដាំ ។

 ក្រោយពីបានទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតវេលាម៉ោង១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ធ្វើការឃាត់ខ្លួនក្មេងទំនេីងចំនួន០៥នាក់៖

១-ឈ្មោះ កែវ គឹមសៀង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២-ឈ្មោះ ប៊ុត ប៉ុនហេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៣-ឈ្មោះ ស៊ីវ ស៊ីធីប ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

៤-ឈ្មោះ តាំង បូហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៥-ឈ្មោះ ញ៉ែម ប៊ុនហួន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

 ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពវាយ និងយកមួកសុវត្ថិភាពវាយទៅលេីជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុ៖ មកពីទាស់សម្ដីគ្នានៅក្លឹប (អូរវេីថាម ) ។

 បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ ត្រៀមបញ្ជូនខ្លួនបញ្ជូនទៅ​តុលាការខេត្ត​ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖