ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីឃាត់ខ្លួនជនសង្ស័យ ៦ នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ ៦ នាក់នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោក ខេង ម៉េងឈុន អភិបាលស្រុកនិងជាប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរបានឱ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង២រសៀលនៅចំណុចផ្ទះរបស់ជន សង្ស័យ ស្ថិតនៅក្នុងភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាមដោយមានការអនុញ្ញាត ពីលោកឧត្តម សេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀន ខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ដោយសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យជាបន្តបន្ទាប់សរុបចំនួន ០៦នាក់ប្រុស ក្នុងនោះ ឈ្មោះ ជិន សុខលីន ហៅ ពាវ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៧កញ្ចប់។

លោកអភិបាលស្រុកបានបន្តថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនបក្សពួករបស់ជនសង្ស័យខាងលើបានចំនួន ០៥នាក់ទៀត។

លោកអភិបាលស្រុកបានបញ្ជាក់ថា ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖