ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបាន៧៦២លានដុល្លារ អាម៉េរិកកើនឡើង១១,៤៩ភាគរយ ក្នុងនេះការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើនឡើង ១៣,៧៧ភាគរយ។
របាយការណ៍ខាងលើបន្តថា ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នៅសាធារណ រដ្ឋកូរ៉េបានអនុម័តលើវិធាននៃនីតិវិធីសម្រាប់គណៈកម្មាធិការចម្រុះ,ពិនិត្យនិងផ្តល់អនុសាសន៍លើលទ្ធផល នៃកិច្ចពិភាក្សារបស់ គណៈកម្មការក្រោមចំណុះចំនួន៣ រួមមាន៖ (១)-គណៈកម្មការ ពាណិជ្ជកម្មទំនិញ (២)- គណៈកម្មការវិធានដើមកំណើតទំនិញ និង នីតិវិធីគយ និង(៣)-គណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ច, លើកទឹកចិត្តឱ្យគណៈកម្មាធិការរៀបចំកិច្ចប្រជុំជាទៀងទាត់ និង ប្រឹងប្រែងផ្សព្វផ្សាយពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងនេះ។
គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក៏បានឯកភាពបន្តការពិភាក្សាដើម្បីផ្តួចផ្តើមការចរចាលើផ្នែកពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ និងគ្រោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២ នៅកម្ពុជាក្នុងឆ្នាំ២០២៥ ព្រមទាំងជួបពិភាក្សាជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ និងឯកភាពបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ។ ទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣ភាគរយ ខណៈកូរ៉េនាំចូលមានចំនួន៤៧០,២៥ លានដុល្លារថយចុះ ១៣,៨ភាគរយ។នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE)៕
ដោយ៖ សូរិយា