ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​-អូស្ត្រាលី​ ពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង អន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌអាស៊ាន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២ ខែមករាម្សិលមិញនេះ​ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការកោតសរសើរចំពោះការរួមចំណែក យ៉ាងសំខាន់របស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រម ទាំងបានធ្វើការកត់សម្គាល់ដោយសុទិដ្ឋិនិយមចំពោះកំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាង ប្រទេសទាំងពីរ និងការបង្កើនការគាំទ្រនៅក្នុងប្រទេសអូស្ត្រាលីដល់ផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ និងត្រី ជាដើម។ លោកឧបនាយករដ្ឋមន្ត្រីបានធ្វើការអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែល បច្ចុប្បន្ននេះបានប្រែក្លាយពី “ម្ចាស់ជំនួយ” ទៅជា “ដៃគូអភិវឌ្ឍន៍”។

លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្តីរីករាយចំពោះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរក្នុងវិស័យអប់រំ ការបង្កើនអាហា- រូបករណ៍ និងទំនាក់ទំនងសហគមន៍ ព្រមទាំងបានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចប្រជុំ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី(SOT)លើកទី៤ប្រកបដោយជោគជ័យ រវាងក្រសួងការបរទេស ទាំងពីរកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ នៅទីក្រុងភ្នំពេញ។ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការរក្សាការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទង​ កម្រិតខ្ពស់ឱ្យបានញឹកញាប់ ដូចជាការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២​ នៅទីក្រុងភ្នំពេញរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី Anthony Albanese និងការអញ្ជើញចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ ពិសេសអាស៊ាន-អូស្ត្រាលី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅទីក្រុងមែលប៊នកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ ប្រទេសអូស្ត្រាលី ដែលបានបំពេញតួនាទីយ៉ាងសំខាន់ដល់វិស័យជាច្រើន ដូចជា ការបោសសំអាត គ្រាប់មីន កសិកម្ម និងការអប់រំ។ លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ជាពិសេសក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លង ដែន។

លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង អន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌអាស៊ាន៕

ដោយ​៖ តារា​


ចែករំលែក៖