ខេត្តកំពង់ស្ពឺ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង ធ្វើប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន ៣នាក់ និងចាប់យកថ្នាំញៀនចំនួន ២៧កញ្ចប់។
ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះថា,កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០នាទី ដោយមានការសម្របសម្រួលពីលោក រ៉ា លីសួន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំលោកផ្ទាល់នឹងដឹកនាំ បញ្ជាផ្ទាល់ពីលោកស្នងការរងទទួលផែន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ នៅចំណុចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោកស្នងការរងដែលដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការបង្ក្រាបខាងលើបានឲ្យដឹងថា,ជនសង្ស័យដែលឃាត់ខ្លួនមាន ៖
១-ឈ្មោះ ង៉ោ សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ឌូ មឿន ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ តូច រក្សា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិមហាលំពាំងទី២ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២៧កញ្ចប់ (មធ្យម ១កញ្ចប់, តូច ២៦ កញ្ចប់ ) ទូរស័ព្ទដៃ ២គ្រឿង ម៉ូតូ ៣គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា