ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-(៧ មករា ២០២៥)តាមទីសាធារណៈរួចរាល់ ដើម្បីទទួលបុណ្យជាតិប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-(៧  មករា ២០២៥)តាមទីសាធារណៈរួចរាល់ ដើម្បីទទួលបុណ្យជាតិប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងមន្ដ្រីជំនាញ ផ្នែកពាក់ព័ន្ធឱ្យរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧  មករា ២០២៥) ត្រូវបានរៀបចំឡើងរួចរាល់ នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាសនិងនៅតាមបណ្តាសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ខណៈបុណ្យជាតិជាប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា រួចរាល់ហើយមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ។ 

     បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើង នៅព្រឹកថ្ងៃទី ០៧ មករា ឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមនដោយមានសមាជិកចូលរួមជាង២ម៉ឺននាក់។

   ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងកម្មវិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករានេះ កាលពីថ្ងៃទី៣១ធ្នូនេះកន្លងទៅឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។ ដោយឯកឧត្ដមឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ ១៤ សង្កាត់ ទាំង១០៥ បំផុសប្រជាពលរដ្ឋឲ្យចងឬលើកទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឱ្យបានស្អាត។ ខណះប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសត្រៀមខ្លួនរួចជាស្រេចទទួលអបអរសាទរទិវាជាតិ ៧មករា ក្នុងន័យចូលរួមអបអរសាទរទិវាបុណ្យជាតិ៧មករា ថ្ងៃជ័យជំនៈលើរបបប្រល័យពូជសាសន៏ប៉ុលពត រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់និងរួចជាស្រេច ដើម្បីទទួលអំណរសាទរទិវាជ័យជំនៈ ៧មករាលើកទី៤៦នេះ។

   ថ្ងៃរំដោះ ៧មករា ១៩៧៩បានក្លាយជាបុណ្យជាតិសំរាប់ប្រជាជាតិខ្មែរទូទាំងប្រទេស ជាថ្ងៃផ្តល់កំ ណើតទី២ដល់ប្រជាជនកម្ពុជាដែលបានរំលឹកដល់ប្រជាជនកម្ពុជាមិនអាចបំភ្លេច បានពីសោកនាកម្មក្នុងរបបប្រល័យពូជសាសន៏ខ្មែរក្រហម ៣ឆ្នាំ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់ និងបន្សល់ទុក ក្មេងកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺប្រចាំកាយរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាបនិកនៃឯកនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍពេញលេញជាលើកដំបូងក្នុងរយះពេលប្រមាណ៥០០ឆ្នាំកន្លងទៅនិងមានការបន្តពូនជ្រុំសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីការកែលម្អរ សោភណ្ឌភាពទីក្រុង ពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិ៧មករាដោយលើកកំពស់កិត្យានុភាព និងកិត្តិយសជាតិឲ្យសក្ត័សមជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។ដោយឡែកសមិទ្ធិផល និងស្នាដៃខិតខំប្រឹងប្រែងរបស់ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរ ភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមឱ្យមានការរីកចម្រើន យ៉ាងឆាប់រហ័សក្រោមម្លប់សន្តិភាព ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសក្កានុពលប្រកួតប្រជែង និងអភិវឌ្ឍន៏ឈានឡើងលើគ្រប់វិស័យ៕

ដោយ ៖ សំរិត


ចែករំលែក៖