ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿង បើកលឿនជ្រុលទៅបុកម៉ូតូរួចកិន បណ្តាលអោយស្រ្តីម្នាក់ស្លាប់ ហើយក៏បង្កអោយរថយន្តដឹកប្រេងឥន្ទនៈមួយគ្រឿងទៀតដែលកំពុងបើកពីក្រោយបួងចង្កូតគេចទៅបុកទ្រព្យសម្បត្តិសាធារណៈអស់មួយចំនួន ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខសាលាកូរ៉េ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា គេឃើញស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ បើកបរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកថ្មមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-8328 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ហើយពេលនោះមិនដឹងជាអ្នកបើករថយន្តបង្កមានរឿងអ្វីនោះឡើយ បានបុកស្រ្តីជាអ្នកជិះម៉ូតូរួចកិនបណ្តាលអោយម៉ូតូនឹងសពជនរងគ្រោះឡើងសំប៉ែតតែម្តង ។ ភ្លាមៗនោះក៏មានរថយន្តដឹកប្រេងឥន្ទនៈមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-8001 ដែលកំពុងបើកពីក្រោយបានឃើញស្ថានភាពបែបនោះក៏បួងចង្កូតគេចតែជ្រុលទៅបុកទ្រព្យសម្បត្តិសាធារណៈដូចជា បង្គោលស្លាកផ្សាយពាណិជ្ជកម្មចំនួន០១ដើម នឹងបង្កការខូចខាតសួនច្បារមួយចំនួនធំផងដែរ ។ ចំណែកបុរសជាអ្នកបើករថយន្តបង្ក បានបើកចេញពីកន្លែងកើតហេតុចម្ងាយជាង ១០០ម៉ែត្រក៏ចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់រួចវាស់វែងយករថយន្តបង្កនឹងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ