ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្តារិចរេចង្កូតទៅបុកម៉ូតូអ្នកដំណើរបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាប្តីបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯប្រពន្ធរបួសធ្ងន់ ខណះជិះម៉ូតូសុខៗត្រូវរថយន្តស្តារិចមួយគ្រឿង រេចង្កូតមកបុកម៉ូតូជនរងគ្រោះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង៤០នាទី នៅលើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង  ខេត្តកណ្តាល។ 

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ តាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JK-3404 និងអ្នករួមដំណើរម្នាក់ឈ្មោះ ក្រេប ថារី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ ។ ជនរងគ្រោះទាំងពីរមានទីលំនៅភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែករថយន្តបង្កម៉ាកស្តារិច (Starex ) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-8623 បើកបរដោយឈ្មោះ សេន សល់   ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ លក់ដូរ (រត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់)និងរួមដំណើរដោយឈ្មោះ ហ៊ី មួយលី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធ ។ អ្នកទាំងពីរមានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ​ មានរថយន្តមួយគ្រឿង ម៉ាកស្តារិច (Starex ) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-8623 បើកបរដោយឈ្មោះ សេន សល់ និងរួមដំណើរដោយឈ្មោះ ហ៊ី មួយលី ភេទស្រី ត្រូវជាប្រពន្ធ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) ពេលបើកមកដល់ចំណុចភូមិ/ឃុំកើតហេតុ រថយន្តខាងលើបានជាប់ចង្កូត ចង្កូតរឹងទាញមិនមក ហើយក៏បុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម បើកបរក្នុងទិសដៅបញ្ជ្រាសគ្នាពីត្បូងទៅជើង (កោះធំ-តាខ្មៅ) បើកបរដោយឈ្មោះ  តាក់ និងរួមដំណើរដោយឈ្មោះ ក្រេប ថារី ភេទស្រី ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ បណ្ដាលឱ្យជនរងគ្រោះជាប្តីស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ ហើយម៉ូតូឆាបឆេះទាំងស្រុង ។ ចំណែកអ្នកបើកបររថយន្តបានទុករថយន្តចោលរត់គេចខ្លួនបាត់។

ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង និងដកហូតវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេព រីឯសាកសពត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពី​រថយន្ត បើកបររថយន្តជាប់ចង្កូតរេទៅបុកម៉ូតូទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖