មេធាវីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បាននិយាយថា លោកនឹងដាក់ពាក្យបណ្តឹងនៅថ្ងៃទី 6 ខែមករាប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់ប្រហែល 150 នាក់ រួមទាំងនាយក CIO លោក Oh Dong Woon ផងដែរ។
កាលពីថ្ងៃទី 5 ខែមករា លោក Yun Gap Geun មេធាវីរបស់ប្រធានាធិបតី Yoon Suk Yeol បាននិយាយថា លោកនឹងដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យរដ្ឋអាជ្ញាក្នុងសប្តាហ៍នេះ ដើម្បីស្នើសុំការស៊ើបអង្កេតលើប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។ មន្ត្រីថ្នាក់លើដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួនលោក Yoon កាលពីថ្ងៃទី 3 ខែមករា។
នៅក្នុងព្រឹត្តិការណ៍មួយដែលពាក់ព័ន្ធនេះដែរ មនុស្សរាប់ពាន់នាក់បានជម្នះនឹងព្រិលធ្លាក់នៅថ្ងៃអាទិត្យ ទី៥ ខែមករានេះ ដើម្បីប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល បង្ហាញទាំងការគាំទ្រ និងការប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរតំណែងលោក Yoon Suk Yeol ខណៈវិបត្តិនយោបាយកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងហានិភ័យនៃការប្រឈមមុខដាក់គ្នា។
ខណៈដីកាចាប់ខ្លួនលោក Yoon ក្រោមបទចោទប្រកាន់បះបោរជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ នឹងត្រូវអស់សុពលភាពនៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទស្អែកនេះ មនុស្សជាច្រើនក្រុមបានប្រមូលផ្ដុំគ្នានៅក្បែរនិវេសនដ្ឋានរបស់លោក Yoon ក្នុងនោះមានក្រុមខ្លះជំរុញឱ្យមានការចាប់ខ្លួន និងខ្លះទៀតបានប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតីត្រូវបានព្យួរតំណែងរូបនេះ។
នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករមានទាំងប្រឆាំងនិងគាំទ្រលោក Yoon បានប្រមូលផ្ដុំគ្នានៅក្បែរនិវេសនដ្ឋានរបស់លោកក្នុងទីក្រុងសេអ៊ូល ក្រោមព្រិលធ្លាក់ខ្លាំង និងមានអាកាសធាតុ -៥អង្សាសេ។ «យើងត្រូវតែស្តារមូលដ្ឋាននៃសង្គមរបស់យើងឡើងវិញ តាមរយៈការដាក់ទោសលើប្រធានាធិបតីដែលបានបំពានលើរដ្ឋធម្មនុញ្ញ»។ នេះជាការលើកឡើងរបស់មេដឹកនាំសហជីព Korean Confederation of Trade Unions (KCTU) ឈ្មោះ Yang Kyung-soo ដោយបន្ថែមថា «យើងត្រូវតែទម្លាក់ឧក្រិដ្ឋជន Yoon Suk Yeol ពីតំណែង និងចាប់ខ្លួន ព្រមទាំងឃុំខ្លួនរូបលោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ចំណែក នៅក្បែរទីតាំងរបស់ក្រុមបាតុករប្រឆាំង ក្រុមបាតុករគាំទ្រលោក Yoon វិញបានស្រែកថា «យើងនឹងតស៊ូដើម្បីលោកប្រធានាធិបតី Yoon Suk Yeol និង បញ្ឈប់ការលួចបន្លំដែលពាក្យស្លោកនេះត្រូវបានប្រើប្រាស់ដោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ក្រោយចាញ់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។
លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលប្រឈមមុខនឹងដីកាចាប់ខ្លួន ក្រោយរូបលោកត្រូវបានសភាបោះឆ្នោតដកតំណែង និងព្យួរតំណែង ហើយប្រគល់សំណុំរឿងនេះទៅឱ្យតុលាការធម្មនុញ្ញជាអ្នកសម្រេចថាតើត្រូវទុក ឬទម្លាក់រូបលោកពីតំណែង៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN