ព័ត៌មានទាន់ហេតុការណ៍៖

សំណេរអង្គរលើកទី២ ជាព្រឹត្តិការណ៍មួយ មានអត្ថន័យជ្រាលជ្រៅ ព្រមទាំងបំផុសនិងជំរុញនូវការសរសេរឡើងវិញ

ចែករំលែក៖

ខេត្តសៀមរាប៖ តាមរយៈការគាំទ្រក្រសួងពាក់ព័ន្ធនានា រួមជាមួយអាជ្ញាធរជាតិអប្សរា ការផ្តួចផ្តើមរៀបចំឡើង ដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គរវត្ត។

លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២  កាលពីព្រឹកថ្ងៃទី៥ ខែ មករា ឆ្នាំ២០២៥ថា កម្មវិធីសំណេរអង្គរលើកទី២ នេះ ពិតជាមានអត្ថន័យយ៉ាងទូលំទូលាយជាទីបំផុត កម្មវិធីនេះស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំឡើងវិញ។ ជាពិសេសគឺបំផុស និងជំរុញឡើងវិញនូវការសរសេរដើម្បីបង្កើនចំណេះដឹងក៏ដូចជាចលករមួយយ៉ាងសំខាន់ ក្នុងការបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរផងដែរ។

ចំណែកលោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាគណៈកម្មការរៀបចំសំណេរអង្គរបានថ្លែងថា ការអភិរក្សនិងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពីព្រោះខ្មែរមានភាសានិងអក្សរសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ដោយសារតែខ្មែរមានអក្សរជាយូរលង់មកហើយ ព្រមទាំងបានចារិកទុក នៅតាមប្រាសាទនានាផង ដូច្នេះហើយបានជា«សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរ មានបេក្ខជនចូលរួមប្រមាណ១២២០នាក់ ដែលក្នុងនោះមានទាំងកុមារអាយុ៦ឆ្នាំ និងមនុស្សចាស់អាយុ៨០ឆ្នាំ ព្រមទាំងព្រះសង្ឃ ជនបរទេស និងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង៕

ដោយ៖ សូរិយា


ចែករំលែក៖