ព័ត៌មានទាន់ហេតុការណ៍៖

គម្រោង «មនសិការពលរដ្ឋល្អ» កំពុងត្រូវបានអនុវត្តនៅសាលារៀនចំនួន២ក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ តាមព័ត៌មានបានឱ្យដឹងថា គម្រោង«មនសិការពលរដ្ឋល្អ»  ដែលជាកម្មវិធីបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា កំពុងត្រូវបានអនុវត្តនៅលើសាលារៀនចំនួនពីរនៅក្នុងខេត្តស្ទឹងត្រែង រួមមានវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង និងវិទ្យាល័យ ព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥  លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគម្រោងមនសិការពលរដ្ឋល្អ បានឱ្យដឹងថា កម្មវិធី “មនសិការពលរដ្ឋល្អ” បង្កើតឡើងក្នុងគោលបំណង៖១.បណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជនកម្ពុជា ដើម្បីក្លាយជាសសរទ្រូង និងជាធនធានដ៏មាន សារៈសំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត។

២.បណ្តុះគំនិតច្នៃប្រឌិត ជំនាញទន់ ភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើស ជំនាញអាជីពដើម្បីពង្រឹងនិងពង្រីកសក្តានុពលរបស់យុវជនកម្ពុជា។

៣.ផ្តល់ឱកាសឱ្យយុវជនឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គម និងការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្នុងនាមជាពលរដ្ឋល្អ។

លោក ម៉ែន គង់ បន្តថា គម្រោងនេះមានចក្ខុវិស័យកសាង និងអភិវឌ្ឍន៍ធនធានយុវជនកម្ពុជាប្រកបដោយសមត្ថភាព បំណិនជីវិត គំនិតច្នៃប្រឌិត មនសិការស្នេហាជាតិ និងភាពជាពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព វិបុលភាព និងភាពសុខុមដុម។

លោកប្រធានគម្រោងបានឱ្យដឹងបន្ថែមថា សម្រាប់ខេត្តស្ទឹងត្រែងជាខេត្តមួយក្នុងចំណោម១២ខេត្តដែលកំពុងអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» គឺវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ដែលមាន៣ក្លឹប មានថ្នាក់ទី១១ ចំនួន២ក្លិប និងថ្នាក់ទី១០ ចំនួន០១ក្លិប ហើយនៅវិទ្យាព្រះគោ ស្រុកថាឡាបរិវ៉ាត់វិញមានចំនួន០៣ក្លិបដូចគ្នា គឺថ្នាក់ទី១០ មានចំនួន០២ក្លិប និងទី១១ ចំនួន០១ក្លិប។

គួរបញ្ជាក់ផងដែរថា ចំពោះគម្រោង «មនសិការពលរដ្ឋល្អ» ដែលកំពុងអនុវត្តនៅក្នុងខេត្តស្ទឹងត្រែងនាពេលនេះគឺទទួលបានការគាំទ្រពីរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលអនុវត្តគម្រោងនេះដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ៕

ដោយ៖ អរុណរះ


ចែករំលែក៖