ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញរបាយការណ៍ពីការស៊ើបអង្កេតករណីមន្ត្រី៣នាក់នៅខេត្តតាកែវពាក់ព័ន្ធនឹងអំពើពុករលួយ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មានក្រោយពីមន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប។

កងរាជរាជអាវុធហត្ថក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ហើយយោធិននៃកងរាជអាវុធហត្ថត្រូវតែបានអប់រំ និងត្រូវតែអនុវត្តទិសស្លោកនេះឱ្យខ្ជាប់ខ្ជួន ដើម្បីជាគំរូក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ប្រសិនបើបុគ្គលណាមិនគោរពត្រូវតែទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។

ជាក់ស្តែង កងរាជអាវុធហត្ថបានស៊ើបអង្កេតស្រាវជ្រាវរកឃើញបុគ្គលពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម និងបទល្មើសគ្រឿងញៀនចំនួន៤នាក់ ហើយតាមការស្តាប់ចម្លើយជនសង្ស័យទាំងនោះ ក៏ឈានដល់ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន២រូបដែលពាក់ព័ន្ធនឹងអំពើសុីសំណូក និងធ្វើឱ្យបែកការណ៍សម្ងាត់ក្នុងការស៊ើបអង្កេត។

នេះហើយដែលកងរាជអាវុធហត្ថអនុវត្តតាមទិសស្លោក បើមិនគោរពច្បាប់ ប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់ មិនមានការយល់យោគទេ។

យោងតាមសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្មនិងបទល្មើសគ្រឿងញៀនដែលបានប្រព្រឹត្តនៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ ព្រមទាំងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប៖ ២រូបបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុក រលួយ និង១រូបទៀតបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖

១- ដំណើររឿង៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស៊ើបអង្កេតករណីឃាតកម្មនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ពាក់ព័ន្ធនឹងការធ្វើទារុណកម្មអំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរ គ្រឿង ញៀនដោយខុសច្បាប់។ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់យកវត្ថុតាងគ្រឿងញៀនចំនួនប្រមាណ៧គីឡូក្រាម, អាវុធវែងកែច្នៃចំនួន១ដើម, អាវុធខ្លីចំនួន១ដើម, កាំភ្លើងបាញ់សត្វចំនួន១ដើម, សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជន សង្ស័យទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។

២- ដោយផ្អែកលើការស្រាវជ្រាវនិងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអនុវត្តនីតិវិធី ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប។ តាមចម្លើយ សារភាពរបស់ជនសង្ស័យ និងផ្អែកតាមឯកសារភស្តុតាង មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការណ៍សម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម៕

ដោយ៖ សូរិយា


ចែករំលែក៖