ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងអំពីការបញ្ចៀសចរាចរណ៍និងផ្អាកកំពង់ចម្លងជ្រោយចង្វា-ភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រជាបណ្តោះអាសន្ន អំឡុង ប្រារព្ធពិធីមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃ ទី០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៣០នាទី គណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧-មករា-១៩៧៩ ~០៧-មករា-២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់វិថីឧកញ៉ាឈុន) កំណាត់មហាវិថីព្រះសុរាម្រឹត និងកំណាត់មហាវិថីព្រះសីហនុ (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបនាគបាញ់ទឹក) និងផ្អាកកំពង់ចម្លងជ្រោយចង្វា-ភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីម៉ោង០៥៖០០ នាទីព្រឹករហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ និងកំពង់ចម្លងខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សំរិត


ចែករំលែក៖