ខេត្តកំពង់ស្ពឺ៖ រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោក យក់ ប៊ុនណា បានថ្លែងថា អ្នកភូមិរកាធំត្រេកអរទទួលបាន«ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព»។ ការថ្លែងបែបនេះក្នុងពិធីសម្ពោធសមិទ្ធផលការងារសង្គមលើគម្រោងភូមិគំរូ«ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព» ស្ថិតនៅភូមិរកាធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស សាម៉ឺឌី គណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អភិបាលក្រុងច្បារមន ព្រមទាំងសហការី ចៅសង្កាត់កម្មសិក្សាការី និងប្រជាពលរដ្ឋនៅភូមិរកាធំ សង្កាត់រការធំ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។
លោកស្រី ឡា បុប្ផា តំណាងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ទាំងអស់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលបានផ្ដល់ឱកាសឱ្យកម្មសិក្សាការីទទួលបានចំណេះដឹងថ្មីៗពីកិច្ចការងារសង្គមផ្ទាល់ ដែលបានបង្ហាញឱ្យឃើញពីឆន្ទៈរួម ស្មារតីសាមគ្គីភាព និងភាតរភាព តាមរយៈការចំណាយទាំងថវិកាផ្ទាល់ខ្លួន កម្លាំងកាយ បញ្ញាស្មារតី ផលិតនិងបំពាក់ស្លាកលេខផ្ទះប្រជាពលរដ្ឋចំនួន២៦១ខ្នងផ្ទះ ដាំបង្គោលលេខផ្លូវចំនួន៥បង្គោល (១០សន្លឹក)។ ជាមួយគ្នានេះដែរ កម្មសិក្សាការីថ្នាក់នវានុវត្តន៍ក៏បានចូលរួមឧបត្ថម្ភបន្ថែមនូវកុំព្យូទ័រយួរដៃចំនួន១គ្រឿង និងម៉ាស៊ីនព្រីនធ័រ(ពណ៌)ជូនដល់រដ្ឋបាលសាលាសង្កាត់រការធំដើម្បីប្រើប្រាស់សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានថ្លែងដោយកោតសរសើរវាយតម្លៃខ្ពស់លើគម្រោងភូមិគំរូ «ស្លាកលេខផ្ទះ -ផ្លូវក្រោមម្លប់សន្តិភាព» នេះមិនត្រឹមតែបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋានដែលបានសហកាគាំទ្រយ៉ាងពេញទំហឹងក្នុងការអនុវត្តគម្រោងការងារសង្គមនេះរហូតសម្រេចបានជោគជ័យទទួលបានការសាទរត្រេកអរពីអ្នកភូមិរកាធំទាំងមូល៕
ដោយ៖ តារា