ខេត្តរតនគិរី៖ ដំណើរការប្រឡងយកវិញ្ញាបនបត្រថ្នាក់ ត្រី ទោ ឯក ទូទាំងខេត្តរតនគិរី សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥នៅមណ្ឌលប្រឡង អនុវិទ្យាល័យ ប៊ូថង ទេសអន្លុងក្រោមវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការនិមន្តចូលរួមព្រះមេគណខេត្ត ព្រះអនុគណខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានកោតសរសើរដល់មន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុក-ក្រុង ជាពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានខិតខំប្រឹងប្រែង ចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្ស ធនធានព្រះសង្ឃ សំដៅពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំណេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង ហើយត្រូវគោរពវិន័យក្នុងពេលប្រឡង និងត្រូវខិតខំបំពេញគ្រប់សំណួរដែលមានក្នុងវិញ្ញាសានីមួយៗគ្រប់ជ្រុងជ្រោយផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដំណើរការប្រឡងនេះ ជាដំណាក់កាលមួយដ៏សំខាន់ ដែលមានរយៈពេលពេញមួយថ្ងៃប៉ុណ្ណោះ សម្រាប់បេក្ខសមណសិស្ស-បេក្ខជនគ្រប់ព្រះអង្គ-គ្រប់រូប ដែលបានខិតខំសិក្សារៀនសូត្រនាពេលកន្លងមក ដើម្បីធ្វើការរវាស់ស្ទង់ និងបង្ហាញអំពីសមត្ថភាព ចំណេះដឹងក្នុងការប្រឡងនេះ ប្រកបដោយគុណភាពខ្ពស់ ដែលកើតចេញអំពីឆន្ទៈ និងការព្យាយាមសង្វាតរៀនសូត្ររបស់ព្រះតេជគុណ ប្អូនៗ ក្មួយៗ គ្រប់ព្រះអង្គ/គ្រប់រូប។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរធម្មការនិងសាសនាខេត្តរតនគិរីបានបញ្ជាក់ថា សម្រាប់ការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក គឺមានរយៈពេលតែមួយថ្ងៃ ចាប់ផ្តើមពីម៉ោង៧៖០០នាទី ដល់ម៉ោង១៧៖០០នាទីល្ងាច ហើយមណ្ឌលប្រឡងមានចំនួន១គឺ មណ្ឌល អនុវិទ្យាល័យប៊ូថងទេសអន្លុង ដែលមានសមណៈសិស្សចូលរួមប្រឡងចំនួន១៤០អង្គ/នាក់ ក្នុងនោះថ្នាក់ត្រី៦៨អង្គ/នាក់ថ្នាក់ទោ ៥០អង្គ/នាក់ និងថ្នាក់ឯកចំនួន២២អង្គ/នាក់៕
ដោយ ៖ ជីវ័ន្ត