ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញជាអធិបតីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៥ ម្សិលមុិញ លោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ។

ពិធីបើកសន្និបាត នាពេលព្រឹកនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង, ប្រធាននាយកដ្ឋាន/សា្ថនីយ៍, អនុប្រធាននាយកដ្ឋាន និងលោក-លោកស្រី ជានាយការិយាល័យ ព្រមទាំងមន្ដ្រី នៃចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។

អញ្ជើញមានប្រសាសន៍បើកសន្និបាត លោក ឧត្តមសេនីយ៍ឯក ហោ សំអាត បានលើកឡើងថា ការរៀបចំសន្និបាតនាពេលនេះ គឺជាអាទិភាពដ៏សំខាន់ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដែលមន្ដ្រីទាំងអស់ បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរួមគ្នា ដើម្បីសម្រេចបានក្នុងឆ្នាំ២០២៤។

លោក ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងទៀតថា សន្និបាតនេះ នាពេលនេះ ប្រៀបបានដូចជា កញ្ចុះសម្រាប់ឆ្លុះបញ្ចាំង ដែលបង្ហាញឱ្យឃើញអំពីសមិទ្ធផលនានា ចំណុចខ្វះខាត និងបញ្ហាប្រឈម ដែលយើងទាំងអស់គ្នា ត្រូវរួមគិត រួមធ្វើ និងដោះស្រាយ ដើម្បីឱ្យសម្រេចបាននូវឆ្នាំជាបន្ដបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ លោក ឧត្តមសេនីយ៍ឯក ហោ សំអាត បានឱ្យដឹងថា តាមរបៀបវារៈបានកំណត់ សន្និបាត របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តិទៅរយៈពេល ១ថ្ងៃ ប៉ុន្ដែ ក្នុងនាមដឹកនាំ របស់អគ្គនាយកដ្ឋាន លោក ក៏មានក្ដីសង្ឃឹម និងជឿជាក់ថា នាយកដ្ឋាន/ស្ថានីយ៍ ក្រោមចំណុះអគ្គនាយកដ្ឋាន នឹងអាចស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងឱកាសរបស់ខ្លួន ដើម្បីបន្ដពង្រឹង និងពង្រីកភាពខ្លាំងរបស់ស្ថាប័ននីមួយៗ សំដៅបម្រើផលប្រយោជន៍សង្គមជាតិ។

នាឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឡើងអានសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ថា ឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

លោក អគ្គនាយករង បន្ថែមថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្ដ្រលើការងារបច្ចេកវិទ្យាឌីជីថល ក្របខណ្ឌក្រសួងមហាផ្ទៃ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន និងចីរភាព។

សូមជម្រាបជូនថា ពិធីបិទសន្និបាតរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នឹងរៀបចំធ្វើឡើង នារសៀលថ្ងៃចន្ទ ទី០៦ មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

ដោយ ៖ សិលា


ចែករំលែក៖