ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះថា៖ ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម និងគ្រឿងញៀនសរុប៧គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញខេត្ត ចុះស្រាវជ្រាវឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជាបន្តបន្ទាប់ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបន្តថា ដោយអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បានសហការជាមួយអាវុធហត្ថ រាជធានី-ខេត្ត បានបង្ក្រាបជនសង្ស័យករណីឃាតកម្មនៅក្រុងអរិយក្សត្របាន ២នាក់ រកឃើញថ្នាំញៀន៣គីឡូក្រាម និងបុរសម្នាក់ទៀត ករណីជួញដូរថ្នាំញៀន៤គីឡូក្រាម សរុបបង្ក្រាបថ្នាំញៀន ចំនួន៧គីឡូក្រាម។
លោកមេបញ្ជាការ បានគូសបញ្ជាក់ដែរថា ចំពោះករណីនេះ កម្លាំងជំនាញបានខិតខំប្រឹងប្រែង ដោយសហការគ្នាល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ ទើបឈានដល់ការបំបែកសុំណុំរឿងបាន ហើយនៅតែបន្តតាមចាប់បក្ខពួកថែមទៀត ដើម្បីរកសេចក្ដីជូនពលរដ្ឋ និងប្ដេជ្ញាបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ធានាសុវត្ថិភាពសង្គមឲ្យបានល្អបំផុត ខណៈដែលកម្លាំងអាវុធហត្ថតែងតែយាមល្បាតទាំងយប់ ទាំងថ្ងៃ នៅគ្រប់ទីតាំង។
លោកមេបញ្ជាការរូបនេះ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានចាត់ការតាមនីតិវិធីនៅតុលាការខេត្តកណ្ដាលរួចរាល់ហេីយចៅក្រមសាលាដំបូងខេត្ត ក៏បានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារបណ្តោះអាសន្នផងដែរ៕
ដោយ៖ តារា