ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តព្រៃវែង សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃចន្ទទី​០៦​ ខែមករា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន មេត្តា ជ្រាបថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រៃវែង បានទទួលចាត់ការ សំណុំរឿងលេខ ០៥ ចុះថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៥ បញ្ជូនពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ពាក់ព័ន្ធ ករណី ក្មេងទំនើង មានគ្នាចំនួន ៦ (ប្រាំមួយ) នាក់៖ ១.ឈ្មោះ កែ រិទ្ធី ហៅ ប៉ាត ភេទប្រុស អាយុ១៨ឆ្នាំ, ២. ឈ្មោះ វុត វ៉ៃ ភេទប្រុស អាយុ១៤ឆ្នាំ, ៣.ឈ្មោះ អូ ឧត្តម ហៅ ចេក ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ យ៉ាន់ ច័ន្ទសារុន ហៅ យុ ភេទប្រុស អាយុ១៥ឆ្នាំ, ៥.ឈ្មោះ សេង សុខឃាង ភេទប្រុស អាយុ១៤ឆ្នាំ និង៦.ឈ្មោះ ពៅ វន្នី ហៅ ឆ្នាំ ភេទប្រុស អាយុ១៧ឆ្នាំ (ឃាត់ខ្លួន) បានធ្វើសកម្មភាពនាំគ្នាចូលទៅវាយលើជនរងគ្រោះ នៅ ក្នុងបរិវេណវិទ្យាល័យបាភ្នំ ស្ថិតនៅភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បណ្តាលឱ្យរបួស។

ក្រោយពីទទួលបាន សាកសួរ និងពិនិត្យសំណុំរឿងខាងលើ តំណាងអយ្យការ បានសម្រេចចោទ ប្រកាន់លើជនត្រូវចោទចំនួន ៦ (ប្រាំមួយ) នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ០៥ ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចវិទ្យាល័យបាភ្នំ ស្ថិតនៅភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៣ និង០០ នាទី រសៀល ជាបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបានបញ្ជូនសំណុំរឿងខាងលើទៅចៅក្រមស៊ើបសួរ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់។

អាស្រ័យហេតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ៖ តារា


ចែករំលែក៖