ព័ត៌មានទាន់ហេតុការណ៍៖

តំណាង​អយ្យការខេត្តព្រះសីហនុ ស្ដីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃចន្ទទី​០៦​ ខែមករា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖​ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង ធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចរង្វង់មូលព្រះថោងនាងនាគ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងមួយក្រុម។

ដើមហេតុនៃករណីនេះ, នៅមុនពេលកើតហេតុមានជនសង្ស័យឈ្មោះ នី សីហា ភេទប្រុស និងឈ្មោះ ហម នៃ ភេទប្រុស បានជិះម៉ូតូចេញពីកន្លែងផឹកស៊ី នៅចំណុចក្លឹបផែ (កន្ទុយនាគ) លុះដល់ចំណុចដំណាក់ស្តេច ក៏បានបុកប៉ះ ជាមួយម៉ូតូជនរងគ្រោះឈ្មោះ សុត វ៉ាន់នី ភេទប្រុស អាយុ២០ឆ្នាំ ត្រូវចំបន្តិច ហើយក៏ជិះរត់គេច។ នាពេលនោះជន រងគ្រោះក៏បានជិះម៉ូតូតាមដើម្បីរកដំណោះស្រាយ ហើយពេលដល់ចំណុចរង្វង់មូលព្រះថោងនាងនាគ ក៏ស្រាប់តែ ជនសង្ស័យខាងលើបានហៅបក្ខពួករបស់គេមកបន្ថែមរួមមាន ឈ្មោះ ហម ផៃ ភេទប្រុស, ឈ្មោះ ធួក យុទ្ធី ភេទ ប្រុស, ឈ្មោះ នី វុទ្ធី ភេទប្រុស និងឈ្មោះ ជា ម៉ាប់ ភេទប្រុស ប្រដាប់ដោយបន្ទះដែកពណ៌ស និងពូថៅ។ ខណៈនោះ ដោយជនរងគ្រោះឃើញដូច្នោះ ក៏បានផ្ដួលម៉ូតូរត់គេចខ្លួនចូលព្រៃ ហើយក្រុមជនសង្ស័យក៏បានកាប់ទៅលើម៉ូតូរបស់ ជនរងគ្រោះបណ្តាលឱ្យខូចខាតទាំងស្រុង។ 

ក្រោយពេលកើតហេតុ និងបន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពី ជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើចំនួន ០៦នាក់ ១.ឈ្មោះ នី សីហា ភេទប្រុស កើតឆ្នាំ២០០៤, ២.ឈ្មោះ ហម នៃ ភេទប្រុស កើតឆ្នាំ២០០៦, ៣.ឈ្មោះ ហម ផៃ ភេទ ប្រុស កើតឆ្នាំ២០០៤, ៤.ឈ្មោះ ធួក យុទ្ធី ភេទប្រុស កើតឆ្នាំ១៩៩៧, ៥.ឈ្មោះ ជា ម៉ាប់ ភេទប្រុស កើតឆ្នាំ២០០៦, ៦.ឈ្មោះ នី វុទ្ធី ភេទប្រុស កើតឆ្នាំ២០០៣ និងនៅមានបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងនេះ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ឋ នៅក្នុងសំណុំរឿង បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន ០៦នាក់ និងបក្ខពួក បញ្ជូនទៅចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពីបទៈ កាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត និង ធ្វើឱ្យខូចខាតដោយចេតនា តាមបញ្ញត្តិមាត្រា ៤៩០ កថាខណ្ឌ ២ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ០១១ អ.យ.ង/២៥ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដើម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖