ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី០៦ ខែមករា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ៣០ នាទី មានក្រុមក្មេងទំនើង០១ក្រុម មានគ្នាចំនួន ប្រហែល ០៥ នាក់ប្រដាប់ដោយដាវ និងកាំបិតផ្គាក់ បានធ្វើសកម្មភាពកាប់ជនរងគ្រោះម្នាក់ បណ្តាលឱ្យរបួសខ្នង និង ដៃ ស្ថិតនៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ មាន ១-ឈ្មោះ វង្ស ចិត្រា ភេទប្រុស កើតឆ្នាំ២០០៩ ២-ឈ្មោះ រិត ដានី ភេទប្រុស កើតឆ្នាំ២០០៨ និង៣-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស កើតឆ្នាំ២០០៧។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៣ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខភោជនីយដ្ឋាន ម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ៖ តារា