ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារទី០៧ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ០៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រុកសង្កែ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រួមជាមួយ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី០៥ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង៣០នាទី នៅចំណុចភូមិស្រះកែវ ឃុំកំពង់ព្រះស្រុកសង្កែ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ក្នុងនោះជនជាតិចិន ចំនួន ០១នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហែម ចាន់ម៉ុល ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិពោធិ៍ដុះ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។
២-ឈ្មោះ REN FENGLAI ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ មានទីលំនៅខេត្តហូណាន ប្រទេសចិន (បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តព្រះសីហនុ) ។
៣-ឈ្មោះ រង់ គឹមច្រិល ភេទប្រុស អាយុ២៧ឆ្នាំមានទីលំនៅភូមិបឹង ឃុំ បឹងនិមល ស្រុកឈូក ខេត្តកំពត ។
៤-ឈ្មោះ មន សៅហៃ ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិបឹង ឃុំបឹងនិមលស្រុកឈូកខេត្តកំពត។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០១ដុំ ទម្ងន់ ៧៧៦,៤៣ក្រាម (ថ្នាំសុទ្ធ)
-រថយន្តចំនួន ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-7818
-ទូរស័ព្ទដៃចំនួន ០៧គ្រឿង,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៤សន្លឹក
-កាបូបដាក់ប្រាក់ចំនួន ០២, កាបូប ស្ពាយចំហៀងចំនួន ០២, ប័ណ្ណបើកបរចំនួន ០៣សន្លឹក
-ប្រាក់រៀលចំនួន ២៦ ៦០០រៀល (ពីរម៉ឺនប្រាំមួយពាន់ប្រាំមួយរយរៀល)
-ប្រាក់ដុល្លាចំនួន ១២០ ដុល្លា (មួយរយម្ភៃដុល្លា) (ក្រដាស ២០ដុល្លា រហែក)
-ប្រាក់ដុងចំនួន ១០ ០០០ដុង (មួយ ម៉ឺនដុង)
-សម្ភារៈនិងឯកសារមួយចំនួនទៀត។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕
ដោយ៖ តារា