ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ឈ្មោះដើមជាសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក្នុងការចូលរួមរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបានជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សូមសម្តែងការដឹងគុណ និងកតញ្ញូតាធម៌ចំពោះវីរយុទ្ធជន ខ្មែរ និងសូមចូលរួមអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ។
ទិវាជ័យជម្នះ ៧មករា នេះ កើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ពីការតស៊ូ ពលិកម្មដ៏អង់អាច ក្លាហាន និងការយកជីវិតជាដើមទុនរបស់អតីតយុវជនកម្ពុជា ដើម្បីក្រោកឡើងតស៊ូរំដោះ និងសង្គ្រោះប្រជាជនកម្ពុជាឱ្យ រួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ វីរជនដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍បានរក្សា ជំហររបស់ខ្លួនយ៉ាងមុតមាំក្នុងការស្វែងរក និងរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព និងសុភមង្គលជូនសង្គមជាតិរហូត កម្ពុជាអាចទទួលបានសន្តិភាពពេញលេញតាមរយៈការអនុវត្តដោយជោគជ័យនូវ “នយោបាយ ឈ្នះ ឈ្នះ” ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាការផ្តល់ឱកាសដ៏ធំធេងចំពោះប្រជាជនខ្មែរគ្រប់និន្នាការចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គម ដោយសម្រេចសមិទ្ធផលជាច្រើន រហូតដល់បច្ចុប្បន្ន និងតទៅពេលអនាគត។
ក្នុងនាមយុវជនកម្ពុជាជំនាន់ក្រោយដែលយល់ច្បាស់ពីសច្ចធម៌ប្រវត្តិសាស្ត្រ យើងខ្ញុំសូមឆ្លៀតឱកាស ខួបលើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីកោតសរសើរ និងអបអរសាទរដោយ ស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានងើបពីការបំផ្លិចបំផ្លាញ ស្ទើរតែ ទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតសម្រេចបានសមិទ្ធផលគ្រប់វិស័យក្នុងរយៈពេល ៤៦ឆ្នាំ មកនេះ។
ដើម្បីបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ ក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជាសូមប្តេជ្ញាចូលរួមចំណែកតាមគ្រប់រូបភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាមិនអនុញ្ញាត ឱ្យរបបខ្មៅងងឹតនេះកើតមានជាថ្មីម្តងទៀតនៅកម្ពុជាជាដាច់ខាត ជាពិសេសប្តេជ្ញាការពារអនាគតព្រះរាជាណាចក្រ កម្ពុជា ដើម្បីធានាថា កម្ពុជាជាប្រជាជាតិមានភាពសម្បូរសប្បាយ, កម្ពុជាមានភាពរឹងមាំនៃខឿនការពារជាតិ និង សន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស៕
ដោយ៖ តារា