ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ តើសត្រូវរបស់ «ថ្ងៃ៧មករា» ជាអ្នកណា?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ៧មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះ ត្រូវរលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍និងសង្រ្គាមកើតឡើងវិញនៅកម្ពុជា។

នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជាតថភាពប្រវតិ្តសាស្រ្តមួយ។ ឯជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍គឺជាតថភាពប្រវត្តិសាស្រ្តមួយទៀត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពិតមែនរយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែស្មារតីជ័យជម្នះ៧មករា នៅតែមានពន្លឺចែងចាំងក្នុងដួងចិត្តរបស់យើងនិងកំពុងបន្តបំភ្លឺផ្លូវយើងដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ស្មារតី៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិយើង អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាងដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះជ័យជម្នះ។

សម្ដេចតេជោ ហ៊ុន សែន ថនលែងថា ៖ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឈរលើមូលដ្ឋានតថភាពនេះបានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់ សម្ដេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ៕

ដោយ ៖ សិលា


ចែករំលែក៖