គ្រាប់បាល់បញ្ចូលទីរបស់ Alexander Isak និងគ្រាប់បាល់របស់ Anthony Gordon បានជួយឲ្យក្រុម Newcastle United បានគ្រប់គ្រងការប្រកួត និងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ឬ League Cup របស់ពួកគេជាមួយនឹងជ័យជម្នះដ៏អស្ចារ្យក្នុងជើងទី១ លើក្រុម Arsenal នៅកីឡដ្ឋាន Emirates ក្នុងលទ្ធផល ២ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករានេះ។
Newcastle មិនដែលឈ្នះការប្រកួតនេះទេ ប៉ុន្តែបានឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី២របស់ពួកគេក្នុងរយៈពេល៣រដូវកាល ប្រសិនបើពួកគេគេចចេញពីការបរាជ័យ ឬចាញ់ដោយគ្រាប់បាល់មួយគ្រាប់ក្នុងជើងទី២នៅកីឡដ្ឋាន St James’ Park នៅថ្ងៃទី៥ ខែកុម្ភៈខាងមុខ។
Arsenal ដែលជាក្រុមទី២នៅ Premier League ដែលគេរំពឹងថា នឹងមានលទ្ធផលល្អ ប៉ុន្តែគ្រប់យ៉ាងក្នុងការប្រកួតបែរជាបរាជ័យក្នុងជើងទី១នេះវិញ។ ខ្សែប្រយុទ្ធឆ្នើម Isak របស់ Newcastle បានស៊ុតបញ្ចូលទីគ្រាប់ទី១៤របស់គាត់ក្នុង១៥ប្រកួត ដើម្បីជួយ Newcastle ឆ្ពោះទៅរកជ័យជម្នះជាលើកទី៧ជាប់ៗគ្នា។
ការស៊ុតបាល់ពិន័យ Free-kick របស់អ្នកចាំទី Martin Dubravka ត្រូវបានបញ្ជូនទៅកាន់មុខកីឡាករ Sven Botman ហើយកីឡាករូបនេះបានបណ្តើរបាល់ទៅមុខ ហើយបញ្ជូនបន្តទៅ Jacob Murphy ដែលជាអ្នក Assist ទៅឲ្យ Isak ស៊ុតបញ្ចូលទីបានសម្រេចផុតដៃអ្នកចាំទី David Raya នៅនាទីទី៣៧។
ខ្សែប្រយុទ្ធស្លាប Anthony Gordon រកបានគ្រាប់បាល់ទី២នាំមុខក្រុមភ្ញៀវនៅនាទីទី៥១ ដោយការបន្ថែមគ្រាប់បាល់ ក្រោយពីការស៊ុតរបស់ Isak ត្រូវបានអ្នកចាំទីរារាំងបាន ហើយក៏ត្រូវGordon បន្ថែមចូលតែម្តង។
ក្រុមភ្ញៀវកាំភ្លើងធំក៏មានឱកាសផងដែរ ដោយកីឡាករ Gabriel Martinelli មានឱកាសស៊ុតបាល់ចំគោលដៅ ខណៈដែល Jurrien Timber និង William Saliba ក៏បរាជ័យក្នុងការរកគ្រាប់បាល់ដោយការតែតបាល់ពីចម្ងាយចំគោលដៅផងដែរ។
Newcastle ធ្លាប់ជាជើងឯកអង់គ្លេស៤ដង និងឈ្នះ FA Cup ៦ដង ប៉ុន្តែមិនបានលើកពាន League Cup នេះទេ ចាប់តាំងពីពាននេះធ្លាប់មានឈ្មោះ Fairs Cup ក្នុងឆ្នាំ១៩៦៩។ ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្ររបស់ពួកគេនឹងស្រមៃថា នេះគឺជាឆ្នាំដែលរង់ចាំជាយូរមកហើយសម្រាប់ពានរង្វាន់បញ្ចប់។
ក្រុមរបស់លោក Eddie Howe ដែលបានផ្តួលក្រុម Manchester United ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ក្នុងឆ្នាំ២០២៣ដឹងថា ពួកគេនៅតែមានការងារជាច្រើនដែលត្រូវធ្វើដើម្បីត្រលប់ទៅ Wembley វិញ ប៉ុន្តែជើងទី១នៅទីក្រុងឡុងមិនអាចប្រសើរជាងនេះទេ។
ចាប់តាំងពីការចាញ់ ៤-២ នៅទឹកដី Brentford កាលពីមួយខែមុន ក្រុម Newcastle បានយកឈ្នះ Leicester, Brentford, Ipswich, Aston Villa, Manchester United, Tottenham និងឥឡូវនេះឈ្នះក្រុមកាំភ្លើងធំទៀត។
ការឈ្នះជាបន្តបន្ទាប់បានលើកក្រុម Newcastle ឱ្យឈរនៅលេខរៀងទី៥ក្នុងក្របខ័ណ្ឌ Premier League ក្នុងការប្រជែងយកកៅអី Champions League វិញ បន្ទាប់ពីបានលេងក្នុងការប្រកួតនោះកាលពីរដូវកាលមុន ទោះបីជាពួកគេមិនមានបាល់ទាត់អឺរ៉ុបក្នុងយុទ្ធនាការនេះក៏ដោយ។
ឥឡូវនេះពួកគេមានការប្រកួត FA Cup និងការប្រកួតលីកចំនួន៤មុនពេលពួកគេត្រូវតែផ្តោតលើជើងទីពីរ។ អ្នកគាំទ្រ Newcastle នឹងទន្ទឹងរង់ចាំដល់ថ្ងៃទី៥ ខែកុម្ភៈ ដែលសន្យាថានឹងមានពេលវេលាដ៏រំភើបនៅ St James’ Park ដោយពួកគេសង្ឃឹមថា នឹងអាចសង្ឃឹមត្រឡប់ទៅ Wembley វិញ។
សម្រាប់១គូទៀតដែលនឹងត្រូវប្រកួតនៅរាត្រីនេះសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺក្រុមមាន់ខ្នាយមាស Tottenham ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងជើងទី១ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នៅថ្ងៃទី១៦ ខែមីនា៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)