ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃបានផ្តល់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ចំនួន ១៥កន្លែង

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារបូកសរុបនិងតាមដានព័ត៌មាន របស់ គណៈកម្មការប្រឡងប្រជែងជ្រើសរើស នៃ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានចេញ លិខិតបំភ្លឺ មួយបន្ទាប់ថ្មីៗនេះ មានការផ្សព្វផ្សាយបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថាពរក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

ទាក់ទងនឹងករណីនេះ ក្រុមការងារបូកសរុបនិងតាមដានព័ត៌មាន នៃគណៈកម្មការប្រឡងប្រជែង សូមជម្រាបជូនសាធារណជន ជ្រាបថា ក្រសួងមហាផ្ទៃបានផ្តល់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ចំនួន ១៥កន្លែង សម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តាមរយៈ ការប្រឡងប្រជែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយសារមានការភាន់ច្រឡំបច្ចេកទេសក្នុងផ្នែកចុះលេខរៀង ក្រុមការងារបានរៀបចំបញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើ ការងារនៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រហូតដល់ចំនួន ១៧កន្លែង លើសចំនួន ២កន្លែង។ ភ្លាមៗនោះ ក្រុមការងារក៏បានរៀបចំបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថាពរឡើងវិញនៅត្រឹម ចំនួន ១៥កន្លែង ស្របតាមលំដាប់ពិន្ទុពីខ្ពស់មកទាប ដែលនាំឱ្យបេក្ខជនទាំងពីរនាក់ត្រូវបានដកចេញ។ ទន្ទឹមនឹងនេះ បេក្ខជនទាំងពីរក៏បានស្នើសុំការបំភ្លឺ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។ ក្រុមការងារបាន អនុញ្ញាតបេក្ខជននិងសាច់ញាតិ មកពិនិត្យលទ្ធផលប្រឡងនិងសន្លឹកកិច្ចការរបស់ខ្លួនម្នាក់ៗ ក្រោយពីពិនិត្យ ចប់សព្វគ្រប់បេក្ខជននិងសាច់ញាតិបានទទួលស្គាល់លទ្ធផលប្រឡង និងយល់ព្រមផ្តិតមេដៃលើ កំណត់ហេតុទុកជាភស្តុតាង ដើម្បីបញ្ចៀសសាធារណជន មានការភាន់ច្រឡំ។

អាស្រ័យហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖