អ្នកចាត់ការក្លិប Inter Miami លោក Javier Mascherano បាននិយាយកាលពីថ្ងៃសុក្រថា វាមិនអាចទៅរួចទេក្នុងការពិចារណានាំយក Neymar មកលេងជាមួយអតីតមិត្តរួមក្រុម Barcelona របស់គាត់គឺ Lionel Messi និង Luis Suarez ដោយសារតែច្បាប់កំណត់ប្រាក់ខែរបស់ Major League Soccer។
Neymar បានបង្កើតភាពជាដៃគូប្រយុទ្ធយ៉ាងល្អជាមួយ Messi និង Suarez នៅ Barcelona មុនពេលផ្លាស់ទៅ Paris St Germain ក្នុងឆ្នាំ២០១៧។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះមានកុងត្រាជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ផុតកំណត់ក្នុងខែមិថុនាបានប្រាប់ CNN កាលពីដើមសប្តាហ៍ថា វានឹងមិនគួរឱ្យជឿប្រសិនបើខ្សែប្រយុទ្ធ Barcelona ទាំង៣រូបភ្ជាប់ទំនាក់ទំនងម្តងទៀត ប៉ុន្តែលោក Mascherano បាននិយាយថា មិនមានកិច្ចព្រមព្រៀងនៅលើតុនោះទេ។
លោក Mascherano បាននិយាយនៅឯ MLS media day ក្នុងទីក្រុង Miami ថា “យើងមិនអាចនិយាយអំពី Neymar បានទេពីព្រោះយើងគ្មានអ្វីសោះ។ ច្បាស់ណាស់ Neymar គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ គ្រូបង្វឹកគ្រប់រូបនៅលើពិភពលោកចង់បានគាត់ ប៉ុន្តែនៅពេលនេះដឹងពីច្បាប់របស់ MLS ជុំវិញប្រាក់បៀវត្សរ៍។ ដូច្នេះសម្រាប់ពួកយើងនៅពេលនេះ វាមិនអាចទៅរួចទេក្នុងការព្យាយាមគិតអំពីគាត់” ។
Neymar លេងបានតែ៧ប្រកួតប៉ុណ្ណោះសម្រាប់ Al-Hilal ចាប់តាំងពីផ្ទេរពី PSG ក្នុងតម្លៃ៩០លានអឺរ៉ូ (៩២.៦៨លានដុល្លារ) ក្នុងឆ្នាំ២០២៣ ជាមួយនឹងការរងរបួសធ្វើឱ្យកីឡាករប្រេស៊ីលរូបនេះនៅក្រៅទីលានរយៈពេលយូរ។
អតីតខ្សែបម្រើអាហ្សង់ទីនលោក Mascherano ត្រូវបានដឹកនាំធ្វើជាគ្រូបង្វឹក្លិប Inter Miami ក្នុងខែវិច្ឆិកា ដើម្បីជំនួសលោក Gerardo Tata Martino ដែលបានលាលែងពីតួនាទីដោយលើកឡើងពីហេតុផលផ្ទាល់ខ្លួន៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)