ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវ៦០ម៉ែត្រ កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ ដោយមានការចូលរួមដំណើរពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផង នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្រោយចុះត្រួតពិនិត្យជាក់ស្ដែងរួចក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងប៉ូលិសជាមួយនឹងការរឹតបន្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃនេះថា៖ ការងារមន្ទីរសាធារណការ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មីនិងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។
លោកប្រធានមន្ទីរបានបន្តថា៖ ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែរសឺដែសដល់ស្ពានអាកាស «មរតកតេជោ»អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែរសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងឱកាសនោះដែលោករដ្ឋមន្ត្រីនិងលោកអភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ចៀសវាងឱ្យបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ចំនួនពីរករណីផ្ទួនៗគ្នាបណ្ដាលឱ្យមនុស្សស្លាប់៤នាក់លើបណ្តោយផ្លូវ៦០ម៉ែត្រនេះ៕
ដោយ ៖ សំរិត