ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ ! 

សូមបញ្ជាក់ថា  ៖ នៅរសៀលថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងលោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ចុះពិនិត្យលើវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានក៏បានចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងស្លាប់ និងការដ្ឋានជួសជុលស្ដារឡើងវិញប្រព័ន្ធស្ទឹងស្លាប់ ស្ថិតក្នុងភូមិសាស្រ្តស្រុកសន្ទុក ខេត្តកំពង់ធំ។

លោករដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារជារួមសម្រេចបានប្រមាណ ២៥% ក្នុងនោះការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយពង្វាងទឹកស្ទឹងស្លាប់មានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទីពីក្រុងស្ទឹងសែន និងតំបន់ជុំវិញ និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ៕

ដោយ ៖ សិលា


ចែករំលែក៖