ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ឃួង ស្រេង ៖ គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស

ចែករំលែក៖

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានបញ្ជាក់ថា៖  គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស ។

      ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញ  បានបញ្ជាក់បែបនេះខណៈ ឯកឧត្ដម ជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ចូលរួមជាង៥០០នាក់ផងដែរ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរអប់រំរាជធានីភ្នំពេញ ។ 

    ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឱ្យបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់បានចូលរួមរក្សាសន្តិភាពនេះឱ្យបានគង់វង់។ ដោយ ហេតុថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេស ជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស ។ 

       ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀនអនុវត្តឱ្យ បានល្អផងដែរ។

     ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សាលារៀនរដ្ឋកន្លងមកធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលុបបំបាត់បំណុលនេះហើយ។សម្រាប់ឆ្នាំ២០២៥នេះតទៅ សាលារៀនរដ្ឋនឹងមានកញ្ចប់ថវិកាសំរាប់បង់ថ្លៃសំរាម។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ គិតមកដល់ពេលនេះ អ្នកដែលបានបង់ថ្ងៃសំរាមមានចំនួនប្រមាណ៦០ទៅ៧០ ភាគរយប៉ុណ្ណោះ ដែលធ្វើឱ្យ យើងនៅខាតបង់ក្នុងការបង់សំរាមឱ្យទៅក្រុមហ៊ុនប្រមូលសំរាម សំណល់រឹង។ បើការបង់សំរាមពីសំណាក់ប្រជាពលរដ្ឋបាន១០០ភាគរយ នោះយើងនឹងមិនខាតបង់ក្នុងការបង់ថ្លៃសំរាមទៅឱ្យ ក្រុមហ៊ុនទាំង ៣ឡើយ ហើយយើងក៏អាចដោះស្រាយដោយមិនឱ្យ នៅ តាមសាលារដ្ឋបង់ថ្លៃសំរាមដែរ។ គ្រឹះស្ថានសិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលយើងត្រូវតែរួមគ្នាជួយលើបញ្ហានេះ។

    ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ នៅឆ្នាំ២០២៩ ប្រទេសកម្ពុជាយើងនឹងចាក់ចេញពីប្រទេសក្រីក្រ ហើយនៅឆ្នាំ២០៣០ កម្ពុជានឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់និងនៅឆ្នាំ២០៥០នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ឬជាប្រទេសអ្នកមាន។

      លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំយុវជននិង កីឡារាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងរយៈពេល១ថ្ងៃកន្លះនៃអង្គសន្និបាតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះ យើងសម្រេច បានលទ្ធផលចំនួន៦ចំណុចលើ៦វិស័យ ក្នុងនោះរួមមាន៖ ១ អនុវិស័យ ការអប់រំកុមារតូច ប្រធានបទ៖ ការពង្រឹងអភិបាលកិច្ចសាលាមត្តេយ្យសិក្សា។ ២ អនុវិស័យ ការអប់រំបឋមសិក្សា ប្រធានបទ ៖ ការអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយប្រើប្រាស់មូលនិធិ សមធម៌ មាតាបិតាសិស្ស ដើម្បីលើកកម្ពស់គុណភាពសិក្សានៅ កម្រិតបឋមសិក្សា។ ៣ .អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ប្រធានបទ៖ ជំរុញការចូលរួមរបស់មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ សម្រាប់មធ្យមសិក្សា។ ៤ អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ ប្រធានបទ ៖ បរិវត្តកម្មការអប់រំជនពេញវ័យ។  ៥ អនុវិស័យ ការអភិវឌ្ឍយុវជន ប្រធានបទ៖ យុវជនមាន ចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពគ្រប់គ្រាន់ជាពលរដ្ឋល្អ និងជាពលរដ្ឋឌីជីថល សម្រាប់សតវត្សទី២១។ ៦ អនុវិស័យ ការអប់រំកាយ និងកីឡា ប្រធានបទ ៖ ការជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជិវីត ៕

ដោយសំរិត


ចែករំលែក៖