ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមុនពេលលោក Trump ចូលកាន់តំណែង

ចែករំលែក៖

នៅថ្ងៃទី 14 ខែមករា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើតនៃប្រទេសនេះ នៅប៉ុន្មានថ្ងៃមុនការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា ការបាញ់បង្ហោះកាំជ្រួចនេះ ត្រូវបានរកឃើញនៅម៉ោង ៩ និង៣០នាទីព្រឹក ពីតំបន់ Ganggye នៃខេត្ត Jagang ប្រទេសកូរ៉េខាងជើង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។ កាំជ្រួចទាំងនេះហោះបានចម្ងាយប្រហែល 250 គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។
JCS បានកត់សម្គាល់ឃើញថា ឧបករណ៍បាញ់មីស៊ីលចល័តត្រូវបានរកឃើញនៅជិតកន្លែងបាញ់មីស៊ីលដែលបានរៀបរាប់ខាងលើ។ នេះបង្ហាញថា កូរ៉េខាងជើងទំនងជានឹងធ្វើការបាញ់សាកល្បងបន្ថែមទៀត។
សេចក្តីថ្លែងការណ៍ របស់ JCS បានសង្កត់ធ្ងន់ថា “នៅក្នុងការរៀបចំសម្រាប់ការបាញ់មីស៊ីលបន្ថែមដោយកូរ៉េខាងជើង យោធាកូរ៉េខាងត្បូងបានបង្កើនការឃ្លាំមើល ការប្រុងប្រយ័ត្នខ្ពស់ ចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន និងរក្សាស្ថានភាពនៃការត្រៀមខ្លួនប្រយុទ្ធជាអតិបរមា។
JCS បានថ្កោលទោសការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងថាជាការបង្កហេតុច្បាស់លាស់ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ JCS បានសន្យាថានឹងរក្សាស្ថានភាពនៃការត្រៀមខ្លួនក្នុងករណីដែលកូរ៉េខាងជើងធ្វើការវិនិច្ឆ័យខុស៕

ដោយ៖ ធីរីណា(រូបថត​៖ YONHAP)


ចែករំលែក៖