ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ឃួង ស្រេង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម

ចែករំលែក៖

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម ។ បើប្រៀបធៀបក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០ភាគរយផងដែរ។ការថយចុះអាត្រាជំងឺគ្រុនឈាមនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មូលដ្ឋានខណ្ឌទាំង១៤និង មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលបានសហការគ្នាបាញ់ថ្នាំសម្លាប់មូសខ្លានៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានល្អប្រសើរ។

       ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ ក្នុងពិធីសំណេះ សំណាល ជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន២៥នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ មុនពេលចាប់ផ្តើមយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅតាមបណ្ដាខណ្ឌទាំង១៤ ។ 

    ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ នៅដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ បានកើតមូសជាច្រើន ដែលបានបង្កឱ្យ មានហានិភ័យចំពោះសុខមាល ភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពល តូចលេខ៧០ (ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង ស្របពេលអាជ្ញាធរមូលដ្ឋានខណ្ឌមួយចំនួនបាននិងកំពុងធ្វើសកម្មភាពបាញ់សម្លាប់មូសខ្លានេះជាបន្តបន្ទាប់ហើយដែរ។ យុទ្ធនាការនៅនេះយើងនឹងប្រើប្រាស់រថយន្តរបស់កងកម្លាំងកងពលតូចលេខ៧០(ង៧០) បាញ់សម្លាប់មូសខ្លា ជាទ្រុងទ្រាយធំនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ពិសេសនៅតាមប្រឡាយទឹក។

      ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី ក្នុងឱកាសនោះ ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏ដូចជាមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តតាមដាន មើលពីសុខមាលភាពរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ថែមពីលើនេះ ឯកឧត្តម ឃួង ស្រេង នូវបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម។ ចំណែកបងប្អូនប្រជាពលរដ្ឋវិញសូមរាយការណ៍បន្ទាន់មកអាជ្ញាធរខណ្ឌពាក់ព័ន្ធបើទីតាំងណាមួយមានហានិភ័យដោយសារមូសខ្លាឬជំងឺគ្រុនឈាម។

  ដើម្បីជាការឆ្លើយតប ក៏ដូចជាការអរគុណចំពោះបងប្អូនបងកងពលតូចលេខ៧០(ង៧០) ឯកឧត្ដម ឃួង ស្រេង បាននាំយកនូវអំណោយរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនបងប្អូនកងពលតូចលេខ៧០(ង៧០)ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ ទឹកបរិសុទ្ធ៣កេសនិងថវិកាចំនួន២០ម៉ឺនរៀល។

   ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា យុទ្ធនាការនេះចាប់ផ្ដើមអនុវត្តនៅល្ងាចនេះតែម្ដង ជាមួយនិងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចេះបង្ការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។

  លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ សម្រាប់ថ្ងៃបើកយុទ្ធនាការនេះ កម្លាំកងពលតូចលេខ៧០(ង៧០)សហការជាមួយអាជ្ញាធរខណ្ឌនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ផ្តើមធ្វើសកម្មភាពនៅក្នុងមូលដ្ឋានចំនួន៧ខណ្ឌមាន ខណ្ឌមាន ជ័យ, ខណ្ឌសែន សុខ, ខណ្ឌពោធិ សែនជ័យ,ខណ្ឌឬស្សីកែវ, ខណ្ឌទួលគោក,ខណ្ឌបឹងកេងកងនិងខណ្ឌដូនពេញ៕

ដោយ ៖ សំរិត


ចែករំលែក៖