ភ្នំពេញ ៖ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ និង រដ្ឋបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បាននិមន្តព្រះសង្ឃ ១៤អង្គ ធ្វើពិធីសូត្រមន្តរំដោះគ្រោះថ្នាក់ផ្សេងៗនៅលើមហាវិថី ៦០ម៉ែត្រ ដែលកន្លងទៅនេះនៅលើមហាវិថី ៦០ម៉ែត្រ ជារឿយៗតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់ និង រងរបួសជាបន្តបន្ទាប់ ។
មន្ត្រីសាលាខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោនិង លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ រួមទាំងមន្ត្រីរាជការសាលាខណ្ឌទាំងពីរជាច្រើននាក់ ប៉ូលីស ប៉េអឹម បាននិមន្តព្រះសង្ឃ ១៤អង្គ ធ្វើពិធីសូត្រមន្តរំដោះគ្រោះថ្នាក់ផ្សេងៗនៅលើមហាវិថី ៦០ម៉ែត្រ ។
មន្ត្រីសាលាខណ្ឌដង្កោ ប្រាប់បន្តថា មូលហេតុដែលរដ្ឋបាលខណ្ឌដង្កោនិងរដ្ឋបាលខណ្ឌមានជ័យរួមគ្នានិមន្តព្រះសង្ឃដើម្បីធ្វើពិធីសូត្រមន្តរំដោះគ្រោះថ្នាក់ផ្សេងៗនៅលើមហាវិថី ៦០ម៉ែត្រ ដោយសារតែកន្លងទៅនៅលើមហាវិថី ៦០ម៉ែត្រនេះ ជារឿយៗតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានអ្នកស្លាប់ និង រងរបួសជាបន្តបន្ទាប់ ។
ជាមួយជាមួយគ្នានេះក្នុងនាមអាជ្ញាធរខណ្ឌដង្កោ សូមសំណូមពរប្រជាពលរដ្ឋ ជាពិសេស អ្នកបើកបរយានយន្តគ្រប់ប្រភេទសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៃ ព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយកត្តាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំរិតទាបបំផុត ។
សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ កម្លាំងនគរបាលផ្នែកចរាចរណ៍ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរ ណ៍ផ្លូវគោក នៃ ព្រះរាជាណាចក្រកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកបើកបរយានយន្ត នៅចំណុចភ្លើងស្តុបផ្សារ ថ្នល់បត់ ឬ ស្តុបចំការដូង ដោយចែកសៀវភៅ ស្តីពី ច្បាប់ចរាចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវយល់ដឹង។
ការផ្សព្វផ្សាយច្បាប់ចរាចរ ណ៍ផ្លូវគោក នៃ ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ិន កុសល់ អធិការរងខណ្ឌដង្កោ និង លោកវរសេនីយ៍ទោ អ៊ូច សុខដូរ៉ា អធិការរងខណ្ឌដង្កោ ដែលមានកម្លាំងចរាចរណ៍ ចំនួន ០៨នាក់ដើម្បីបញ្ជៀបការយល់ដឹងទៅដល់ប្រជាពលរដ្ឋ ទូទៅ ជាពិសេស អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ ៖ ភារ៉ា ដង្កោ