ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការបង្ហាញលទ្ធផលវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងរបស់គម្រោងងាយស្រួលរៀន (Easy to Learn) ជាមួយទីភ្នាក់ងារ KOICA និង Childfund Cambodia ដឹកនាំដោយ លោកស្រី Shin Jung Yeon នាយិការងទីភ្នាក់ងារកយកា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
គម្រោងងាយស្រួលរៀន រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំបឋមសិក្សាសម្រាប់កុមារនៅតំបន់ដាច់ស្រយាលក្នុងខេត្តក្រចេះ និងជំរុញលទ្ធផលសិក្សារបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើង។ គម្រោងនេះបានបញ្ចប់កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីអនុវត្តសកម្មភាពអស់រយៈ៣ឆ្នាំក្នុងសាលារៀនគោល ដៅចំនួន៩ ដែលមានសកម្មភាពសំខាន់ៗដូចជា៖ កែលម្អបរិយាកាសរៀន ការបង្រៀន និងការរៀនស្រប តាមគោលនយោបាយសាលាកុមារមេត្រី ពង្រឹងប្រព័ន្ធក្នុងសាលារៀន បណ្តុះបណ្តាលគ្រូ និងអ្នកគ្រប់គ្រងសាលា រៀន កៀរគរកុមារដែលគ្រប់អាយុចុះឈ្មោះចូលរៀន បង្កើតបណ្ណាល័យ និងធ្វើផែនការកែលម្អសាលារៀន។
មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណកូរ៉េ ទីភ្នាក់ងារ KOICA និង អង្គការឆាលហ្វានប្រចាំព្រះរា ជាណាចក្រកម្ពុជា ដែលបានជួយឧបត្ថម្ភ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ជាពិសេសគាំទ្រដល់វិស័យអប់រំ តាមរយៈគម្រោងងាយស្រួលរៀននេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍគុណភាពអប់រំនៅកម្រិតថ្នាក់បឋមសិក្សាតាមតំបន់ដាច់ស្រយាលនៅកម្ពុជា ដោយបានបំពាក់បច្ចេកវិទ្យាព័ត៌មានទំនើប និងសម្ភារៈឧបទេសជាច្រើន ដូចជាតាប្លេត ឧបករណ៍បង្រៀន សៀវភៅ ការសាងសង់សាលារៀន និងបណ្ណាល័យ ដើម្បីជួយឱ្យកុមារអាចឆាប់ចេះអាន និងសរសេរ ឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងនេះបានផ្លាស់ប្តូរទម្លាប់បង្រៀនរបស់គ្រូ ការគ្រប់គ្រងសាលារៀនរបស់នាយក/នាយិកា បណ្ណារក្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភាររៀន និងបង្រៀន ការរៀបចំថ្នាក់រៀន ការជួយកុមារពិការ កម្មវិធីប្រឹក្សាកុមារី កម្មវិធីអាហារូបករណ៍ កម្មវិធីបំណិនជីវិត ការកៀរគររកប្រភពថវិកាអភិវឌ្ឍន៍សាលា កិច្ចសហការរវាងគណៈកម្មការគ្រប់គ្រងសាលារៀន និងឪពុកម្តាយសិស្ស ជាពិសេសគម្រោងបានផ្តល់នូវវគ្គបណ្តុះបណ្តាលសមត្ថភាពដល់ក្រុមគោលដៅ។
សាជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមក ព្រមទាំងគាំទ្រនូវរាល់គំនិតផ្តួចផ្តើមនានារបស់អង្គការក្នុងការអភិវឌ្ឍគុណភាពអប់រំសម្រាប់កុមារជាបន្តបន្ទាប់ និងសូមលើកទឹកចិត្តដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តយកចិត្តទុកដាក់សហការគ្នា ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលគ្រូបង្រៀនឱ្យកាន់តែមានសមត្ថភាពក្នុងការបង្រៀន រៀបចំវិធីសាស្ត្របង្រៀនថ្មីៗឆ្លើយតបនឹងសង្គមឌីជីថល បន្តបង្កើតបណ្ណាល័យនិងក្រុមអ្នកអាននៅក្នុងសាលារៀន រៀបចំជាវីដេអូបង្រៀនដោយគ្រូល្អៗ និងមានបទពិសោធន៍ ដើម្បីឱ្យសិស្សានុសិស្សដែលប្រើប្រាស់បច្ចេកវិទ្យាទទួលបានផលប្រយោជន៍បន្ថែម បង្កើតបរិយាកាសសិក្សាប្រកបដោយភាពទាក់ទាញ មានប្រសិទ្ធភាព និងគុណភាព ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្ស អាចរៀនបាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
ដោយ៖ សូរិយា