កាលពីថ្ងៃទី 27 ខែមករា សារព័ត៌មាន RT បានរាយការណ៍ថា ចោរលួចដ៏ក្លាហាននិងទំនើបបានអង្រួនពិភពសិល្បៈ នៅពេលដែលចោរបានប្រើគ្រឿងផ្ទុះដើម្បីទម្លាយចូលទៅក្នុងសារមន្ទីរ Drents ក្នុងទីក្រុង Assen ប្រទេសហុល្លង់។
ឧបទ្ទវហេតុនេះមិនត្រឹមតែបណ្តាលឱ្យខូចខាតផ្នែកវប្បធម៌ដ៏ធំប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខសារមន្ទីរនៅអឺរ៉ុបផងដែរ។
យោងតាមប៉ូលិស ការលួចនេះបានកើតឡើងខណៈពេលដែលសារមន្ទីរកំពុងដាក់តាំងពិព័រណ៍ Dacia: Treasures of Gold and Silver ដែលប្រមូលផ្តុំនូវវត្ថុបុរាណមាស និងប្រាក់មានតម្លៃជាង 200 ប្រភេទ ដែលខ្ចីពីសារមន្ទីរធំៗចំនួន 13 ក្នុងប្រទេសរ៉ូម៉ានី។ ក្នុងចំណោមវត្ថុបុរាណដែលត្រូវបានគេលួចនោះ មានមួក Cotofenesti មាសដ៏រឹងមានអាយុកាល ២៤០០ ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាសម្បត្តិជាតិរបស់ប្រទេស Romania និងខ្សែដៃមាសចំនួន ៣ ដែលមានអាយុកាលតាំងពីឆ្នាំ ៥០ មុនគ.ស។ ទាំងនេះគឺជាស្នាដៃសិល្បៈតែមួយគត់ ដែលបង្ហាញពីភាពទំនើប និងបេតិកភណ្ឌដ៏សម្បូរបែបនៃវប្បធម៌ Dacian បុរាណ។
ប៉ូលិសបានទទួលរបាយការណ៍ពីការផ្ទុះដ៏ធំមួយនៅសារមន្ទីរនៅព្រឹកព្រលឹម។ ពេលទៅដល់កន្លែងកើតហេតុ គេបានរកឃើញវត្ថុបុរាណមានតម្លៃមួយចំនួនត្រូវបានគេយកទៅ។ ការស៊ើបអង្កេតបឋមបង្ហាញថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំ។ ពេលនេះ Interpol បានចូលរួមការស៊ើបអង្កេតអន្តរជាតិ ដើម្បីតាមដានក្រុមចោរ និងវត្ថុបុរាណដែលត្រូវបានលួច។
លោក Harry Tupan នាយកសារមន្ទីរ Drents បានហៅវាថាជា “ថ្ងៃងងឹតបំផុត” នៅក្នុងប្រវត្តិសាស្ត្រ 170 ឆ្នាំរបស់សារមន្ទីរ។ គាត់បានចែករំលែកទុក្ខសោករបស់គាត់មិនត្រឹមតែជាមួយសារមន្ទីររបស់គាត់ប៉ុណ្ណោះទេ ថែមទាំងជាមួយសហការីនៅសារមន្ទីប្រវត្តិសាស្ត្រជាតិនៃប្រទេសរូម៉ានីក្នុងទីក្រុង Bucharest ដែលជាកន្លែងវត្ថុបុរាណត្រូវបានខ្ចី។ លោកបានសង្កត់ធ្ងន់ថា ការលួចមិនត្រឹមតែជាការបាត់បង់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ធំមួយផងដែរ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Marcel Ciolacu បានប្រកាសបង្កើតក្រុម “ការឆ្លើយតបនឹងវិបត្តិរបស់រដ្ឋាភិបាល” ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរហូឡង់។ លោកបានបញ្ជាក់ថា អ្នកជំនាញរ៉ូម៉ានីនឹងត្រូវបញ្ជូនទៅជួយតាមដាន និងការពារវត្ថុបុរាណដែលនៅសេសសល់។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោកក្នុងការនាំយកទ្រព្យសម្បត្តិជាតិមកប្រទេសរូម៉ានីវិញដោយសុវត្ថិភាព៕ ដោយ៖ ធីរីណា
រូបថត៖ nhandan