ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) អញ្ជើញជាអធិបតី ក្នុងពិធីបើកការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គណៈកម្មការធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ.)ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។ ដោយកិច្ចប្រជុំបានធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ នៅសាលាខេត្តស្ទឹងត្រែង និងមានការអញ្ជើញជាគណៈអធិបតី ដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង លោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី តំណាងឱ្យឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានចូលរួមដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារលេខាធិការដ្ឋាន គ.វ.អ. ព្រមទាំងមន្ទីរពាក់ព័ន្ធ លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី កងកម្លាំង អាជ្ញាធរដែនដីដែលពាក់ព័ន្ធ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ព្រមទាំងគរុសិស្សមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែងផងដែរ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា÷ យុទ្ធនាការវត្តគាំទ្រ សាលារៀនគោលដៅ គ.វ.អ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យការផលិតបាននូវធនធាន មនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងវិន័យ ។ ក្នុងន័យនេះ សូមអោយសាលារៀនគោលដៅទាំងអស់ ជាពិសេសគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ ចូលរួមសហការឲ្យបាន ជិតស្និទ្ធជាមួយនឹងក្រុមការងារនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីឲ្យការអនុវត្តការងារទទួលបានជោគជ័យឈានទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជា ២០៥០ ។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ពេជ សោភ័ន បានលើកឡើងថា÷ គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលា រដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា÷ លេខាធិការដ្ឋាននេះ ដើរតួនាទី ជាសេនាធិការរបស់ គ.វ.អ.ក្នុងគោលបំណងជួយគាំទ្រដល់ការ លើកកម្ពស់ការអប់រំតាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការ ក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ៕
ដោយ៖ ស សម