តាមលទ្ធផលស្ទង់មតិបានបង្ហាញឲ្យឃើញថា ពលរដ្ឋថៃជាង៦១ភាគរយបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន អូចា បន្តកាន់តំណែងនាយករដ្ឋមន្ត្រី។
តាមលទ្ធផលដែលបានប្រកាសកាលពីថ្ងៃទី៤ ខែកញ្ញារបស់មជ្ឈមណ្ឌលអភិ វឌ្ឍន៍ជាតិថៃបង្ហាញឲ្យឃើញថា ពលរដ្ឋ ថៃភាគច្រើនចាត់ទុកថា លោក ប្រាយុទ្ធ ចាន់អូចា សក្តិសមកាន់តំណែងនាយករដ្ឋមន្ត្រីបន្តទៀតក្រោយការបោះឆ្នោតសកលដែលនឹងធ្វើឡើងនៅចុងឆ្នាំ២០១៧ខាងមុខ។ ការស្ទង់មតិធ្វើឡើងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី៣០និង៣១ ខែសីហាទៅលើ ពលរដ្ឋជាង១.២០០នាក់មានអាយុចាប់ពី១៨ឆ្នាំឡើងនៅក្នុងតំបន់ផ្សេងៗគ្នាទាំង ទីក្រុងនិងជនបទ។ ប្រធានបទនៃការស្ទង់ មតិនោះលោក ប្រាយុទ្ធ អាចក្លាយជានាយក រដ្ឋមន្ត្រីក្រោយការបោះឆ្នោតខាងមុខដែរឬទេ?
លទ្ធផលបង្ហាញឲ្យឃើញថា ពលរដ្ឋ ជាង៦១ភាគរយបានបញ្ជាក់ថា លោក ប្រាយុទ្ធ សក្តិសមនិងតំណែងនាយករដ្ឋ មន្ត្រីជាបន្តទៀតដោយលោកមានសមត្ថភាព ដោះស្រាយវិបត្តិនយោបាយអំពើហិង្សានៅក្នុងប្រទេសនេះ។
ក្រៅពីនេះក៏មានពលរដ្ឋ២៤ភាគរយ មិនគាំទ្រលោកប្រាយុទ្ធដោយចាត់ទុកថា លោកជាមេដឹកនាំផ្តាច់ការធ្វើឲ្យបាត់បង់សិទ្ធិសេរីភាព និងប្រជាធិបតេយ្យរបស់ ពលរដ្ឋ។ មួយវិញទៀតលោកប្រាយុទ្ធមិនអាចធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើននោះឡើយ ។
ប៉ុន្តែលទ្ធផលយ៉ាងណានោះនឹងត្រូវរង់ចាំរហូតដល់ការបោះឆ្នោតឆ្នាំ២០១៧សិន ថាតើលោកប្រាយុទ្ធអាចបន្តកាន់តំណែងនាយករដ្ឋមន្ត្រីបានដែរឬទេ? ៕ ម៉ែវ សាធី