ភ្នំពេញ៖ លោកស្នងការរងព្រំ សន្ធរ និងជាប្រធានការិយាល័យកណ្តាលបទល្មើសសេដ្ឋកិច្ច និងលោក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីកំពុងប្រឈមទៅនឹងការរិះគន់យ៉ាងធ្ងន់ពីមន្ត្រីក្រោមឱវាទ ចាត់ទុកថា គាត់បានសមគំនិតប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គភាពនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្នុងនោះ មន្ត្រីបានបញ្ជាក់យ៉ាងលម្អិតថា អាស្រ័យដោយមានបាតុភាពជាច្រើន បង្កការថ្នាំងថ្នាក់ដល់អាជីវករ សិប្បករ ក្រុមហ៊ុន លោកស្នងការជួន សុវណ្ណ ក៏បានចេញបញ្ជាដល់ លោកស្នងការរងព្រំ សន្ធរ ផ្អាកការចេញបញ្ជានូវលិខិតចេញបេសកកម្មឲ្យដល់កម្លាំងនគរបាលសេដ្ឋកិច្ច ក្នុងការចុះតាមបណ្តាសិប្បកម្ម អាជីវកម្ម ក្រុមហ៊ុនវិនិយោគ សហគ្រាសតទៅទៀត ។ មន្ត្រីបានគូសបញ្ជាក់ថា ដោយខ្លាចបាត់នូវផលប្រយោជន៍ ដែលក្រុមនគរបាលសេដ្ឋកិច្ចទាំងនោះបានបង់ជាប្រចាំខែមិនតិចជាងច្រើនពាន់ដុល្លារនោះ ស្រាប់តែថ្មីៗនេះ លោកស្នងការរង ព្រំ សន្ធរ បានឃុបឃិតគ្នាជាមួយលោក យឹម សុជាតិ និងមានការរួមចំណែកពីលោកស្នងការរង ទទួលបន្ទុកផងនោះចេញនូវប្រឹតបត្រការងារប្រចាំថ្ងៃ មានតម្លៃប្រហាក់ប្រហែលលិខិតបញ្ជាបេសកកម្ម (តាមសម្តីលោកព្រំ សន្ធរ) ឲ្យដល់ក្រុមនគរបាលសេដ្ឋកិច្ច មិនតិចជាង១០ក្រុម ចុះតាមបណ្តាក្រុមហ៊ុន សហគ្រាស វិនិយោគ អាជីវកម្ម សិប្បកម្ម អាជីវករនាំចូលទំនិញ ដើម្បីប្រមូលប្រាក់ប្រចាំខែ មិនឲ្យដាច់ ដែលក្នុងមួយកន្លែងៗ ចាប់ពី៣០០ដុល្លារទៅ៥០០ដុល្លារ រហូតដល់ខ្ទង់ពាន់ដុល្លារតាមប្រភេទតូចធំ ។
ក្រុមមន្ត្រីដដែលបានលើកឡើងថា នៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ តាំងពីផ្លាស់ប្តូរប្រធាន និងតាំងពីលោកស្នងការរងព្រំ សន្ធរ ឡើងជាប្រធានការិយាល័យកណ្តាលបទល្មើស គឺហាក់ដូចជាផ្ទៃក្នុងទាំងមូល ជួបនូវបញ្ហា (សម្លកកូរ) មិនដឹងជាប៉ុន្មានក្រុម ប៉ុន្មានពួក ព្រោះការងារដឹកនាំរបស់លោកស្នងការរងព្រំ សន្ធរ ខ្វះនូវការងារនយោបាយសតិអារម្មណ៍ មិនយល់នូវការលំបាកមន្ត្រីថ្នាក់ក្រោម ដឹកនាំតាមអត្តចរិកកូនអ្នកធំ អាងឥទ្ធិពលឪពុកជារដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃ ធ្វើឲ្យមន្ត្រីថ្នាក់ក្រោម មានការត្អួញត្អែរ ថ្នាំងថ្នាក់ជាដើម ។
មន្ត្រីបានលើកជាឧទាហរណ៍ថា កាលពីមានលិខិតបញ្ជាបេសកកម្មកាន់ ក្រុមការងារនីមួយៗ មិនសូវត្អូញត្អែរទេ សុខចិត្តបង់លុយប្រចាំខែ តាមការកំណត់ពីលោកស្នងការរងព្រំ សន្ធរ និងលោក យឹម សុជាតិ ប៉ុន្តែក្រោយពីពុំមានលិខិតបញ្ជាបេសកកម្មកាន់ ការបង់លុយប្រចាំខែ គឺនៅចំនួនដដែល ទោះបីមន្ត្រីក្នុងក្រុមការងារនីមួយៗ សុំអង្វរកបន្ធូបន្ថយក្នុងការបង់ និងទោះបីកម្លាំងពេលចុះទៅបំពេញការងារ ប្រឈមនូវហានិភ័យយ៉ាងណាក៏ដោយ ក៏ក្រុមលោកស្នងការរង និងប្រធានការិយាល័យ មិនអនុគ្រោះឡើយ ។
ជាចុងក្រោយមន្ត្រីបានលើកឡើងថា ជិតបោះឆ្នោតហើយ ដើម្បីកុំឲ្យបាត់បង់សន្លឹកឆ្នោត សូមលោកស្នងការជួន សុវណ្ណ និងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយអន្តរាគមន៍សម្រួលការងារដល់មន្ត្រីក្នុងការិយាល័យនគរបាលសេដ្ឋកិច្ចដោយក្តីអនុគ្រោះផង ។ ពាក់ព័ន្ធទៅនឹងករណីទម្លុះទម្លាយអំពើពុករលួយនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោកស្នងការរងព្រំ សន្ធរ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែលោក យឹម សុជាតិ នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញបានប្រាប់នគរវត្តយ៉ាងដូច្នេះថា ចំពោះករណីលិខិតនោះ អាចមិនមែនជាការពិត និងមិនមែនជារបស់មន្ត្រី ហើយខ្ញុំក៏បានរាយការណ៍ជុំវិញបញ្ហានេះ ទៅលោកស្នងការរងរួចរាល់អស់ហើយ ។ លោក យឹម សុជាតិបន្តថា ប្រសិនបើជាពាក្យបណ្តឹងរបស់មន្ត្រី ឬអាជីវករ ថ្នាក់លើត្រូវតែមានវិធានការដោះស្រាយ ប៉ុន្តែបើជាលិខិតបែបនេះ មិនមែនជាបញ្ហាអ្វីទេ ។
លោកយឹម សុជាតិបញ្ជាក់ថា រាល់ការដាក់មន្ត្រី សុទ្ធតែមានការទទួលខុសត្រូវពីនាយការិយាល័យ ពីស្នងការរងទទួលបន្ទុក ហើយពួកគេក៏មិនហ៊ានប្រព្រឹត្តអ្វីខុសច្បាប់រាល់ការចុះទៅបំពេញការងារ ពីព្រោះអាជីវករ គាត់នឹងប្រតិកម្មប្រសិនបើមានការគាបសង្កត់ណាមួយនោះ ៕ សុខ ខេមរា