ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន រវាងរថយន្តក្រុងដឹកអ្នកដំណើរពេញ បុកជាមួយរថយន្តស៊ីតែនដឹកប្រេង លើដងផ្លូវហាយវ៉េ បណ្តាលឲ្យផ្ទុះឆេះតែម្តង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃទី៤ ខែកញ្ញា បានសម្លាប់មនុស្សដល់ទៅ៣៨នាក់ និង ២៨នាក់រងរបួស ។ អ្នកដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា ប្រសិនបើបុកជាមួយរថយន្តផ្សេងវិញ ប្រហែលជាមិនមានអ្នកស្លាប់ច្រើននោះឡើយ ហើយការស្លាប់នោះ ដោយសារតែភ្លើងឆេះខ្លាំង ចេញពីឡានរត់មិនរួច ។ ក្នុងករណីនេះ សមត្ថកិច្ចអាចស្គាល់ អត្តសញ្ញាណសាកសពត្រឹមតែ ៦នាក់ប៉ុណ្ណោះ ដោយអ្នកផ្សេងទៀតត្រូវឆេះក្លាយជាផេះអស់ហើយ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ថែមទៀតថា នៅលើកំណាត់ផ្លូវហាយវ៉េមួយខ្សែនេះ អ្នកបើក បរគ្រប់គ្នា តែងតែបើកបរក្នុងល្បឿនមួយយ៉ាងលឿនបំផុត នៅពេលដែលពួកគេមានការបន្ទាន់ ហើយប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានវិថីផ្ដាច់ព្រលឹងច្រើន ចំណែកច្បាប់ចរាចរណ៍វិញ មិនសូវជាមានការពង្រឹងប៉ុន្មាននោះទេ ៕ ម៉ែវ សាធី