ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបត់ត្រឡប់ក្រោយស្របពេលម៉ូតូ១គ្រឿងកំពុងជិះលឿនគេចមិនផុតក៏បុកកាងរថយន្ត បណ្តាលឱ្យខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀត ធ្វើឱ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ត្រើយម្ខាងជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BU-8145 កំពុងឈប់នៅមាត់ទន្លេត្រើយម្ខាង ស្រាប់តែស៊ីញ៉ូបត់ត្រលប់ក្រោយ ភ្លាមៗនោះក៏មានម៉ូតូ FZ ១គ្រឿងធ្វើដំណើរក្នុងល្បឿនលឿន មានទិសដៅពីជើងទៅត្បូង ព្យាយាមគេចដែរតែគេចមិនផុត ក៏ជ្រុលទៅបុកកាងខាងមុខរបស់រថយន្តព្រូស បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ។
អ្នកឃើញហេតុការណ៍បានបន្តទៀតថាបន្ទាប់ពីបុករថយន្តរួច ម៉ូតូ FZ ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ បណ្តាលឱ្យភាគីខាងម៉ូតូហុងដាឌ្រីម រងរបួសស្រាល ។ ចំណែកម្ចាស់រថយន្តព្រូសបានគេចខ្លួនចេញពីទីតាំងកើតហេតុបាត់ ទៅ។
បន្ទាប់ពីកើតហេតុ ពលរដ្ឋបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តសាមុយ ដើម្បីបញ្ជូនបុរសរងរគ្រោះទៅកាន់មន្ទីរពេទ្យ ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាជាបណ្តោះអាសន្ន ដើម្បីរង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នានៅពេលក្រោយ ៕


ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច