ព័ត៌មានទាន់ហេតុការណ៍៖

ជន​សង្ស័យ​ម្នាក់​លួច​ម៉ូតូ​គេច​ខ្លួន​ទៅ​បាត់​ជា​ច្រើន​ថ្ងៃ​ ម្ចាស់​ប្រេី​ល្បិច​ឱ្យស្រី​ស្អាត​​​ណាត់​មក​ជួប​ប្ដឹង​សមត្ថកិច្ច​ឃាត់​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​សង្កាត់​ចោមចៅ​៣សហការ​ជាមួយ​និង​ម្ចាស់​ម៉ូតូ​រង​គ្រោះ​បានឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​លួចម៉ូតូ​បាន​សម្រេច​យក​ទៅ​បាត់​ជា​ច្រើន​ថ្ងៃ​។ 

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​១០:៣០នាទី​យប់​ថ្ងៃ​ទី​១១ខែ​មីនា​ឆ្នាំ​២០២៥ ស្ថិត​នៅ​ត្រង់​ចំណុច​ម្ដុំ​ អុី​អន២​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។ 

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូមាន​ឈ្មោះ​ ហេន​ សេង​ហុង​ ​អាយុ​២៥ មុខរជា​មេ​ជាង​ម៉ាស៊ីន​ត្រជាក់​ បច្ចុប្បន្ន​រស់​នៅ​ផ្ទះ​ជួល​ភូមិ​កេីត​ហេតុ​ខាង​លើ​ មាន​ស្រុក​កំណើត​នៅ​ ស្រុក​ចំការ​លើ ​ខេត្ត​កំពង់​ចាម​។ 

ចំណែកជន​សង្ស័យ​ឈ្មោះ​ សុឹម​ ជាម៉េង​ ​អាយុ​១៩ឆ្នាំ​ មុខរបរ​ជា​កូន​ជាង​ម៉ាស៊ីន​ត្រជាក់​ ទេីប​តែ​មក​ធ្វើ​ការ​ជាមួយ​បាន​៧ថ្ងៃ​ ក៏​មាន​បំណង​លួច​ម៉ូតូ​មេ​ជាង​តែ​ម្ដង​ ។ មាន​ស្រុក​កំណើត​នៅ​ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​។ 

ម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាក​ហុង​ឌ្រីម​សេ១២៥​​ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1IL-1566​ ស៊េរីឆ្នាំ២០២០ឡើង​ស៊េរី​ឆ្នាំ២០២២​ ។ 

ប្រភព​ព័ត៌មាន​​ពី​ម្ចាស់​ម៉ូតូ​រង​គ្រោះ​បាន​ឲ្យ​ដឹងថា​ នៅ​វេលា​ម៉ោង​១០:១០នាទី​  ​ថ្ងៃ​ទី​៤ខែ​មីនា​ឆ្នាំ​២០២៥​ ខណៈ​ម្ចាស់​ម៉ូតូ​ទុក​កូន​សោ​នៅ​លើ​តុ​ ក្នុង​ផ្ទះ​ជួល​ចំណុច​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ ភ្នំពេញ​ ស្រាប់​តែ​​ជន​សង្ស័យ​ដែល​ត្រូវ​ជា​កូន​ជាង​របស់​ខ្លួន​ឃើញ​ឱកាស​ល្អ​ក៏ប្រមូល​យកខោអាវ​វិចរួច​យក​​សោម៉ូតូ​ជិះ​រត់​គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ សូម្បី​ទាក់ទង​តេតាម​ទូរស័ព្ទក៏​មិន​ចូល​ដែរ​បន្ទាប់​មក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​បាន​រត់​មក​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ចោមចៅ​៣ភ្លាម​ៗ​ដើម្បី​ឲ្យ​ខាង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​សហការ​ស្រាវជ្រាវ​រក​ជន​សង្ស័យ​។ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​រួច​​ខាង​សមត្ថកិច្ច​សង្កាត់​ចោមចៅ​៣​បាន​​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់​រហូត​បាន​ដំណឹង​ថា​ជនសង្ស័យ​មាន​ការ​ទំនាក់​ទំនង​គ្នា​ជាមួយ​នឹង​ប្អូន​ស្រី​របស់​ម៉ូតូ​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ ​ក៏​រៀប​ចំ​ផែនការ​ឱ្យប្អូនស្រី​ខាង​លើ​ទាក់ទង​តាមទូរស័ព្ទទៅ​លួងលោម​បុរស​ជនសង្ស័យ​រូប​នោះ​ណាត់​មក​ជួប​នៅ​ត្រង់​ចំណុច​ម្ដុំ​ អុី​អន២​ វេលា​ម៉ោង​កេីត​ហេតុ​ខាង​លើ​រួច​ប្ដឹង​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ភ្លាមៗរួមទាំង​​ម៉ូតូ​នាំ​​ខ្លួន​មក​ប៉ុស្តិ៍​សង្កាត់​ចោមចៅ​៣ដេីម្បី​សាក​សួរ​ ​បន្ទាប់​ពី​ធ្វើ​ការ​សួរ​នាំ​រួច​ជន​សង្ស័យ​បាន​សារភាព​ថា​ ខ្លួន​បាន​លួចយកម៉ូតូ​ពិត​មែន​ហើយ​យក​ម៉ូតូ​ទៅ​សុី​គ្រឿង​លក់​ចាយ​វាយ​អស់ហើយ។ 

បច្ចុប្បន្ន​ជន​សង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​សង្កាត់​ចោមចៅ​៣កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាត់ការ​បន្តតាមនីតិវិធី​។ ចំណែក​ម៉ូតូ​ខាង​សមត្ថកិច្ច​ប្រគល់​ឱ្យ​ទៅ​ម្ចាស់​ដើម​វិញ​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖