ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង ដឹកនាំក្រុមការងារចុះ ពិនិត្យវត្តមានគ្រូកិច្ចសន្យា មន្ត្រីកិច្ចសន្យា និងមន្ត្រីប្រភេទផ្សេងទៀត ដែលបំពេញការងារ នៅវិទ្យាល័យគោកព្រីង និងមណ្ឌលសុខភាពស្វាយជ្រំ ស្រុកស្វាយជ្រំ ។
ជាក់ស្តែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង អភិបាលខេត្តបានអញ្ជើញពិនិត្យវត្តមានគ្រូកិច្ចសន្យា មន្ត្រីកិច្ចសន្យា និងមន្ត្រីប្រភេទផ្សេងទៀត ដែលបំពេញការងារ នៅវិទ្យាល័យគោកព្រីង និងមណ្ឌលសុខភាពស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង លោកប្រធានមន្ទីរព័ត៌មានខេត្ត ក្រុមការងារមន្ទីរមុខងារសាធារណៈ លោកនាយក-នាយករងវិទ្យាល័យគោកព្រីង ប្រធានមណ្ឌលសុខភាពស្វាយជ្រំ លោក លោកស្រីដែលជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចូលរួមជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោក ម៉ែន អេង បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍សំណង់ទន់វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបណ្តុះស្មារតីរបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីដែលមិនអាចខ្វះបាន និងជាចលកររុញច្រាននាវាប្រទេសឱ្យឈានដល់ចំណុចល្អប្រសើរ រីកចម្រើនលើគ្រប់វិស័យ ដែលជាការប្រកួតប្រជែងលើឆាកអន្តរជាតិផ្នែកសមត្ថភាព បច្ចេកវិទ្យា ចំណេះ ជំនាញ និងប្រភេទផ្សេងៗទៀត ហេតុនេះហើយតម្រូវឱ្យយុវជន យុវនារី សិស្សានុសិស្ស ត្រូវមានសុខភាពល្អ មានវិន័យ មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិបានច្រើនតទៅមុខ គួបផ្សំជាមួយនឹងសាលាវិទ្យាល័យគោកព្រីងជាវិទ្យាល័យមួយដែលមានការរីកចម្រើនខ្លាំងក្នុងខេត្ត ក៏ជាសាលាជំនាន់ថ្មី សម្រាប់បណ្តុះគំនិតស្មារតីដល់ប្អូនៗសិស្សានុសិស្សគ្រប់ថ្នាក់៕
ដោយ៖ សុថាន