ព័ត៌មានទាន់ហេតុការណ៍៖

ជីវិតគ្រួសាររបស់ Cristiano Ronaldo ត្រូវបានរំខានដោយការគំរាមកំហែងជាបន្តបន្ទាប់

ចែករំលែក៖

កំពូលតារាបាល់ទាត់ Cristiano Ronaldo និងមិត្តស្រីរបស់គាត់ Georgina Rodríguez បានជួលអង្គរក្សបន្ថែម ហើយបានផ្លាស់ទៅផ្ទះថ្មី បន្ទាប់ពីទទួលបានការគម្រាមកំហែងជាបន្តបន្ទាប់ ដែលជំរុញឱ្យមានការអន្តរាគមន៍ពីប៉ូលិស ដើម្បីធានាសុវត្ថិភាពគ្រួសាររបស់ពួកគេ។

ចាប់តាំងពីផ្លាស់ទៅ Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត Ronaldo និង Georgina បានរក្សាជីវិតធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ និងអេស្ប៉ាញបានរាយការណ៍ថា ថ្មីៗនេះ ពួកគេបានទទួលសារប្រកាសអាសន្នជាមួយនឹងការគំរាមកំហែងជាក់លាក់ និងធ្ងន់ធ្ងរ ដែលរំខានដល់ជីវិតប្តីប្រពន្ធ។ ប្រភពបញ្ជាក់ថា គ្រួសាររបស់ Ronaldo បានពង្រឹងវិធានការសន្តិសុខនៅឯគេហដ្ឋានរបស់ពួកគេ ដោយជួលអង្គរក្សថ្មីបួននាក់ និងបុគ្គលិកសន្តិសុខបន្ថែម 2 នាក់ នេះបើតាម EDATV រាយការណ៍។ ពួកគេក៏បានផ្លាស់ប្តូរទីលំនៅទៅកាន់ផ្ទះដែលមានសុវត្ថិភាពជាងមុនក្នុងទីក្រុង Riyadh ដែលបំពាក់ដោយប្រព័ន្ធឃ្លាំមើលដ៏ទំនើប។

ជីវិតប្រចាំថ្ងៃរបស់ Georgina ត្រូវបានផ្លាស់ប្តូរទាំងស្រុង ព្រោះឥឡូវនេះនាងកំណត់ការបង្ហាញខ្លួនជាសាធារណៈ ហើយតែងតែអមដោយសន្តិសុខ។ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​រូប​នេះ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពេល​ចេញ​ទៅ​ក្រៅ​ដែរ ដោយ​តែង​មាន​អង្គរក្ស​នៅ​ជាមួយ ទោះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ក៏​ដោយ។ E-Notícies បានរាយការណ៍ថា ប៉ូលិសអារ៉ាប៊ីសាអូឌីតកំពុងស៊ើបអង្កេតប្រភពដើមនៃការគំរាមកំហែងទាំងនេះ ។

ក្លឹប Al Nassr របស់ Ronaldo ក៏កំពុងជួយគាត់ដោយផ្តល់ធនធានដើម្បីការពារគាត់ និងគ្រួសាររបស់គាត់។

គូស្នេហ៍មួយគូនេះក៏មិនចែករំលែករូបភាពកូនៗរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែការភ័យខ្លាចថាពួកគេអាចជាគោលដៅនៃការគំរាមកំហែង។ ក្នុងអំឡុងពេលប្រារព្ធពិធីខួបកំណើតរបស់ Ronaldo កាលពីដើមខែកុម្ភៈ Georgina បានប្រើសញ្ញាបេះដូងដើម្បីបិទមុខកូនៗរបស់ពួកគេ លើកលែងតែកូនប្រុសច្បង Cristiano Jr.។

ទោះ​បី​ជា​មាន​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ ប្រភព​និយាយ​ថា Ronaldo នៅ​តែ​ផ្តោត​លើ​អាជីព​កីឡា​របស់​ខ្លួន។ Georgina ដែលជាតារាបង្ហាញម៉ូត បន្តការងាររបស់នាង ប៉ុន្តែជៀសវាងការនិយាយជាសាធារណៈអំពីបញ្ហានេះ៕

ដោយ៖ ភារៈ


ចែករំលែក៖