ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រទេសមួយដែលអាចអភិវឌ្ឍន៍ទៅបាន តើត្រូវពឹងផ្អែកលើកត្តាសំខាន់ៗអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា ៖ ប្រទេសមួយដែលអាចអភិវឌ្ឍន៍ទៅបាន តើត្រូវពឹងផ្អែកលើកត្តាសំខាន់ៗអ្វីខ្លះ?

សម្តេចតេជោ ហ៊ុន សែន បានលើកថា ៖ ប៉ុន្តែគោលដៅពីរដែលខ្ញុំចង់បញ្ជាក់ ហើយស្អីទៅជាគោលដៅពីរ! សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា ៖ ក្រៅពីយុទ្ធសាស្ត្រត្រីកោណ នៅមានគោលដៅពីរ គោលដៅទីមួយ ៖ គឺប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ ។

សម្ដេចតេជោបានបញ្ជាក់ថា ៖ បច្ចុប្បន្នយើងធ្វើបាន ប្រមាណ 95% លើដែនដីកម្ពុជាទៅហើយ ! ចុះ 5% ទៀតជាស្អី …. គឺជាដីដែលពុំទាន់បានដោះមីន គ្រឿងមិនទាន់ផ្ទុះ ឯក្រៅពីនោះ តំបន់តាមព្រំដែន តំបន់នានា មានការអភិវឌ្ឍន៍ ការដាំដុះ ជាទីផ្សារ ជាតំបន់ឧស្សាហកម្មអស់ហើយ។

សម្ដេចតេជោបានលើកឡើងថា ៖ យើងត្រូវបន្តទៅទៀត ដូច្នេះគោលដៅទីមួយនេះ យើងកំពុងរួមគ្នាសម្រេចក្នុងហ្នឹង ! គឺក្រុមឧកញ៉ា និងអ្នកឧកញ៉ា អ្នកមានធនធាន ត្រូវការចូលរួមចំណែក ចូលរួមអភិវឌ្ឍន៍ ។

សម្ដេចតេជោបន្តថា, តែគោលដៅទីពីរត្រូវធ្វើអី ! គឺប្រែក្លាយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។

សម្ដេចបានរំលេចថា ៖ សូមកុំយកគ្នាជាសត្រូវ ត្រូវដោះស្រាយបញ្ហាទាំងអស់ ដោយសន្តិវិធី និងការចរចា ជាទ្រឹស្ដី និងលើកការជាក់ស្ដែងពិត ប្រទេសមួយមានការអភិវឌ្ឍន៍ត្រូវមានកត្តាពីរជាសំខាន់ កត្តាទីមួយ គឺស្ថេរភាពផ្ទៃក្នុង កត្តាទីពីរ គឺមានទំនាក់ទំនងជិតខាងល្អ មិនអាចយកកងទ័ពទៅឲ្យមូសខាំ នៅតាមព្រំដែន ហើយក៏ជាបន្ទុកទម្ងន់ នៃការដែលយើងត្រូវរកអាវុធគ្រាប់ រំសេវ ស្បៀងអាហារ និងជ្រើសរើសកងទ័ពយក ទៅដាក់ការពារទល់ដែនឲ្យ វាណែននោះទេ។ សម្ដេចបន្តថា, អញ្ចឹងទេបានជាអ្វីៗ យើងត្រូវខិតខំដោះស្រាយ ទាំងយើង ! និយាយរួមទាំងអ្នកជិតខាងយើង។

សម្តេចតេជោ បញ្ជាក់ថា ៖ ការភាន់ច្រឡំខាងព័ត៌មានខ្លះថា ត្រូវបានពន្យល់គ្នាទៅវិញទៅមក ។

សម្ដេចមានប្រសាសន៍ថា ៖ ខ្ញុំសង្ឃឹមថានាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចចាប់ទូរសព្ទនិយាយគ្នា ទៅជាមួយវៀតណាម និយាយគ្នាទៅជាមួយឡាវ និយាយគ្នាទៅជាមួយថៃបាន ។ សម្ដេចចាត់ទុកថា បើយើងទាំងអស់គ្នាធ្វើបានដូច្នេះ យើងមានស្ថិរភាពល្អ ៕

ដោយ ៖ សិលា


ចែករំលែក៖