ភ្នំពេញ ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សូមជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាលនឹងរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ វេទិកានេះមានបំណងរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និង ការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
វេទិកានេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ដែលមានសមាសភាពចូលរួមមកពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិករាជរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់ ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ ១.៤០០នាក់។ ទន្ទឹមនេះ ក៏មានការៀបចំតាមប្រព័ន្ធ អនឡាញ (Zoom) ពីគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា