ភ្នំពេញ ៖ មិនដល់រយៈពេល២៤ម៉ោងផង កម្លាំងនគរបាល បានស្រាវជ្រាវតាមឃាត់ខ្លួនមុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាព ឆក់កាបូបជនបរទេស ដែលជាទេសចរផងដែរ ជាក់ស្ដែងនៅថ្ងៃនេះ មានករណីចោរឆក់ទ្រព្យសម្បត្តិជនបរទេស ដែលគេស្គាល់ថា ជា Vlogger ដ៏ល្បីមួយរូបលើបណ្ដាញសង្គម YouTube, Facebook និង Instagram ដែលលោកបានជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាយ៉ាងច្រើន ។
ករណីចោរឆក់នេះ បានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចំណុចផ្លូវ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ដែលចោរបានឆក់កាបូប ដែលមានឯកសារសំខាន់ៗជាច្រើន រួមមាន ប៉ាស្ព័រ កាតធនាគារ និងលុយកាក់ ។
ក្រោយពីទទួលបានដំណឹង សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស៊ើបអង្កេត និងសួរនាំជនបរទេសទាំងពីរនាក់ ដោយយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវីធីច្បាប់ និង ប្រគល់សម្ភារៈ ជូនលោក Christ និង គូដណ្តឹងវិញ៕

ដោយ ៖ រ៉ារ៉ា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច