ភ្នំពេញ ៖ ចំពោះព័ត៌មានដែល ស្ត្រីម្នាក់អះអាងថា លោក ណោ ស៊ុនឌី រតនៈ ជាពេទ្យយោធា បានប្រេីហិង្សាលេីបង្កឱ្យ មាន របួសពេញផ្ទៃមុខ និង រាងកាយ និងបង្ខំឱ្យ នាង ប្រេីប្រាស់ សារធាតុញៀន ផងដែរនោះ ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមព្រោងព្រាត គ្រាន់តែមិនបញ្ជាក់ថាតើជាស្វាមី ឬគូកំណាន់ចិត្ត ប៉ុន្តែបើជាការពិត អំពើនេះជាបទល្មើសព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ៖ ស្ត្រី ម្នាក់ ឈ្មោះ ជា ចន្ធូ អាយុ ៣២ ឆ្នាំ បាន អះអាង ថា ខ្លួន កំពុងរងគ្រោះ ដោយ បុរស ម្នាក់ ឈ្មោះ ណោ ស៊ុនឌី រតនៈ មុខរបរ ពេទ្យយោធា បាន ប្រេី ហិង្សាលេីបង្កឱ្យ មានរបួស ពេញផ្ទៃមុខ និង រាងកាយ ។ ក្រៅ ពី ប្រេីហិង្សា បុរសរូបនេះ បាន បង្ខំឱ្យ នាង ប្រេីប្រាស់សារធាតុញៀនផងដែរ ។
ជុំវិញបញ្ហានេះ បេីនាង ពិតជារងគ្រោះមែន គួរតែ ប្ដឹងទៅ សមត្ថកិច្ច ឬ អយ្យការ អមសាលាដំបូង រាជធានី ខេត្ត ដេីម្បី ចាត់ការតាមផ្លូវច្បាប់ ។ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌អាចបើកការស៊ើបអង្កេតស្រាវជ្រាវ ដោយឯកឯង ឬមានការស្នើសុំពីតំណាងអយ្យការ ពិនិត្យក្នុងរឿងនេះ ដើម្បីលុបបំបាត់និទណ្ឌភាព នៃបទល្មើសដែលកើតមាននៅក្នុងសង្គម ។
ពាក់ព័ន្ធក្នុងករណីនេះ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ថា ឈ្មោះ ណោ ស៊ុនឌី រតនៈ ពិតជាបុគ្គលិកនៅមន្ទីរពេទ្យព្រះកេតុមាលា ពិតមែន ។ ដោយឡែកការប្រើហិង្សានេះខ្ញុំមិនដឹងទេរឿងឯកជនរបស់គាត់ ក្នុងជម្លោះបែបណានោះ ។ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បានបន្តថា ៖ តាមខ្ញុំដឹង លោក ណោ ស៊ុនឌី រតនៈ មានគ្រួសារហើយ និងមានការទាស់ទែងឈានដល់លែងលះគ្នា ។ ប៉ុន្តែក្រោយមកឮថា មាននារីម្នាក់ផ្សេងទៀត បែបស្ត្រីដែលអះអាងថា លោក ណោ ស៊ុនឌី រតនៈ ប្រើហិង្សានោះក៏មិនដឹង ពីព្រោះមួយរយៈនេះ លោក ណោ ស៊ុនឌី រតនៈ បានត្រូវរ៉ូវជាមួយប្រពន្ធដើមវិញ ហើយមិនដឹងថា ទៅនៅជាមួយប្រពន្ធម្តុំណាទេ ទើបនឹងលេចឮថា បានប្រើហិង្សាលើនារី ដែលបានបង្ហោះតាម Facebook ។
ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បញ្ជាក់ថា ៖ ចំពោះការលើកឡើងថា លោក ណោ ស៊ុនឌី រតនៈ មានទាំងបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន ខ្ញុំអត់ដឹងទេ ។ ដឹងថាជម្លោះគ្រួសារធ្លាប់មាន ម្យ៉ាងទៀតជារឿងផ្ទៃក្នុងគ្រួសារគេ ។ បើបញ្ហាប្រើសារជាតិញៀនដូចជាគ្មានទេ ដូច្នេះបើគេប្តឹងផ្តល់គ្នា ទុកឱ្យសមត្ថកិច្ចធ្វើតាមនីតិវិធីទៅ ។ ដោយឡែក លោក ណោ ស៊ុនឌី រតនៈ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបាន នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយគ្មានលេខទូរស័ព្ទ ៕


ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច