ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ សំរាប់សប្តាហ៍ទី២ ក្នុងខែមីនាឆ្នាំ២០២៥ ថ្ងៃសៅរ៌ទី១៥និងថ្ងៃអាទិត្យទី១៦មីនាផ្លូវថ្មើរជើង (Walk Street)បានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោល

ចែករំលែក៖

ភ្នំពេញ៖ សំរាប់សប្តាហ៍ទី២ក្នុងខែមីនាឆ្នាំ២០២៥ នាថ្ងៃសៅរ៌ទី១៥និងថ្ងៃអាទិត្យទី១៦មីនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការនៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសំរាប់ថ្ងៃអាទិត្យវិញនឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពីរបាំប្រពៃណីរបស់ដូនតាខ្មែរយើង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៥ ខែមីនា  ២០២៥ ។

លោកស្រីអ្នកនាំពាក្យបានបន្តថា៖ នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ទៅតាមការចង្អុលបង្ហាញរបសលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែកន្លះហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។

សូមបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

ដោយ ៖ សំរិត


ចែករំលែក៖