ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនក្រុមហ៊ុន សហគ្រាសដែលផលិតវត្ថុធាតុដើមគ្រឿងបង្គុំក្នុងស្រុក

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកទឹកចិត្តឱ្យវិស័យឯកបង្កើតក្រុមហ៊ុន រោងចក្រសហគ្រាសឱ្យបានច្រើន ពិសេសរោងចក្រ សហគ្រាសផលិតវត្ថុធាតុដើម គ្រឿងបង្គុំ ដើម្បីគាំទ្រដល់ច្រវ៉ាក់ផលិតកម្មក្នុងស្រុក។ សម្តេចធិបតី បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់សមាគមឧកញ៉ាកម្ពុជា កាលពីម្សិលមុិញ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯកជនរបស់យើង ទាក់ទាញដៃគូមកវិនិយោគក្នុងការផលិតខ្សែច្រវ៉ាក់នៃផលិតកម្ម។ ឧទាហរណ៍ យើងផលិតខោអាវនាំចេញ កន្លងទៅយើងយកក្រណាត់ជ្រលក់ពីក្រៅ យើងយកអីមកទាំងអស់ពីក្រៅ ឥឡូវយើងលើកទឹកចិត្តឱ្យមានការវិនិយោគផលិតក្រណាត់ ឬមួយក៏មានធ្វើអីក្នុងស្រុកយើង»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជំរុញឱ្យអ្នកវិនិយោគបង្កើនផលិតកម្មវត្ថុធាតុដើម ធាតុបង្គុំក្នុងស្រុក ដើម្បីទប់ស្កាត់បញ្ហាសេដ្ឋកិច្ចសកលដោយពន្ធនាំចេញពីបរទេសនាពេលអនាគត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯងជន ទាក់ទាញដៃគូមកវិនិយោគក្នុងការផលិតខ្សែច្រវាក់ផលិតកម្ម និងធាតុបង្គុំនៅក្នុងស្រុក ដែលនេះគឺជាគោលដៅមួយ ដែលរាជរដ្ឋាភិបាល ត្រៀម ដើម្បីរៀបចំគោលនយោបាយលើកទឹកចិត្តជាពិសេស ដូចនេះវិស័យឯកជនយើងបើសិនជាដៃគូដែលមានការចាប់អារម្មណ៍ក្នុងការផលិតធាតុបង្គំក្នុងស្រុកយើង សូមទាក់ទាញមកដើម្បីធ្វើយ៉ាងណាទៅថ្ងៃក្រោយ ជាជាងនាំផលិតផលពីក្រៅ ១០០% យកមកបង្គំហើយនាំចេញ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងអាចកាត់បន្ថយការនាំចូលពីក្រៅប្រទេស ហើយផលិតក្នុងស្រុកឱ្យបាន ២០ ទៅ ៤០% គឺជាការល្អ ដែលជាបង្កើន និងការរៀបចំនូវខ្សែច្រវាក់ផលិតកម្ម ដើម្បីកែរសម្រួលនូវខ្សែ ច្រវាក់ផលិតកម្ម ដើម្បីធានានូវការប្រែប្រួលនៃស្ថានភាពពាណិជ្ជកម្មនៅលើពិភពលោក និងដើម្បីទប់កុំឱ្យមានការប្រែប្រួល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងពីការត្រៀមលើកទឹកចិត្តលើការវិនិយោគ ក្នុងការទាញមកនូវផលិតផលបន្ថែមនៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃផលិតផលនានា ជាស្តែងផលិតផលស្វាយចន្ទី ដែលកន្លងទៅរដ្ឋាភិបាល បានលើកទឹកចិត្តក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ តែមកដល់ពេលនេះក៏មានក្រុមហ៊ុនខ្លះបានផលិតជាស្វាយចន្ទីកំប៉ុងនាំចេញរួចហើយ ដូចនេះយើងចង់បានខ្សែច្រវាក់ផលិតកម្ម ដែលអាចផលិតបានមួយដើមស្វាយចន្ទីតែម្តង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំជាអេកូស៊ីស្ទែមនៃស្វាយចន្ទី និងកំពុងរៀបចំជាគោលនយោបាយក្នុងការរៀបចំជាសួនឧស្សាហកម្មតែមួយ ដែលនឹងចេញដំណើរការ ក្នុងឆ្នាំ២០២៥នេះផងដែរ ដើម្បីធ្វើយ៉ាងណាក្នុងការបង្រួមខ្សែច្រវាក់ផលិតកម្មនៅក្នុងបណ្តុំតែមួយ ដែលងាយស្រួលក្នុងការកំណត់ ហើយរដ្ឋអាចជួយគាំទ្រក្នុងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖