ភ្នំពេញ ៖ ផ្លូវថ្មើរជើង (Walk Street) ទទួលបានការគាំទ្រកាន់តែខ្លាំង បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅដើរលេងកម្សាន្ត រៀងរាល់ចុងសប្ដាហ៍ នៅរាជធានីភ្នំពេញ បេះដូងនៃប្រទេសកម្ពុជា ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានគូសបញ្ជាក់ថា ៖ សម្រាប់ថ្ងៃ ក្នុងសប្តាហ៍ នារាត្រី តាមការសង្កេតរបស់លោក ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋកេីនឡេីងជាលំដាប់។
លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ និងលោកស្រីតែងអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មេីរជេីង (walk Street)នារាត្រីដោយផ្ទាល់ផងដែរ។ ការដាក់ដំណេីរផ្លូវថ្មេីរជេីង (walk Street) បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ មកម្ល៉េះ តែមនុស្សម្នា ចាប់ផ្តេីមកេីនឡេីង ពី១សប្តាហ៍ទៅ១សប្តាហ៍ ។
លោក ឃួង ស្រេង មានប្រសាសន៍ថា “ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មេីរជេីង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលេីកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ “។
លោកអភិបាលរាជធានីភ្នំពេញ សង្ឃឹមថាដំណេីរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហេីយរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដេីម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ ។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានមេីលឃេីញថា ការរៀបចំក្នុងដំណាក់កាលសាល្បងដំបូង នៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសេីរផងដែរ។
ជុំវិញបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លេីគ្រោះថ្នាក់ចរាចរណ៍ ។
លោក ឃួង ស្រេង មានប្រសាសន៍ថា “ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយេីងដាក់កម្លាំងយ៉ាងច្រេីន ដេីម្បីធ្វេីការងារនេះ ជូនពួកគាត់កុំឱ្យមានឧបទវហេតុអ្វីកេីតឡេីងលេីបញ្ហាសន្តិសុខ”។
ដោយឡែកបញ្ហាចំណតរថយន្ត និងទោចក្រក្រយានយន្តវិញ លោកចង្អុលបង្ហាញឱ្យអ្នកប្រើរថយន្តអាចផ្ញេីលេីទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អាចរកទីតាំងរៀបចំបាននៅឡេីយ ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញេីបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។
លោកបញ្ជាក់ដែរថាចំពោះខ្សែរត់ទាំងអស់របស់រថយន្តក្រុងនៅគ្រប់ផ្លូវ ដែលកំពុងប្រតិបត្តិការត្រូវរត់កន្លែងមានប្រជាជនច្រើន តំបន់មានរោងចក្រ និងតំបន់ផ្សេងៗទៀតរត់បុកមកខាងដើមនិងខាងចុងអាចមកកំសាន្តនៅផ្លូវព្រះស៊ីសុវត្ថិ ជាផ្លូវថ្មើរជើងហើយបន្ថែមម៉ោងពី៩ដល់ម៉ោង១១យប់ដើម្បីដឹកជញ្ជូនបងប្អូនទៅកន្លែងដើមវិញ។
ក្នុងនោះដែរ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការជាមួយភូមិមួយផលិតផលមួយ ដេីម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញនិងលក់ដូរ ជាងនេះទៅទៀតក៏មានរៀបចំឱ្យបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ ។ ដោយឡែកផ្ទាំង ទស្សនីយភាព តន្ត្រីបុរាណ ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដេីម ហើយមានការចូលរួមរួមទាំងវិចិត្រករសូនរូប គូរូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរណ៌។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរប្រជាលរដ្ឋដែលកំសាន្តតាមផ្លូវថ្មើរជើងនេះល្អណាស់ បញ្ហាបរិស្ថានពួកគាត់ជាប្រជាជនស៊ីវិល័យគាត់ទុកដាក់សំរាមបានល្អមិនបោះចោលសំរាមទេ គាត់នាំគ្នាកាន់សំរាមយកទៅដាក់ធុងដែលយើងរៀបចំឱ្យគាត់ ដូច្នេះយើងអាចនិយាយបានថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសព្វថ្ងៃមានភាពស៊ីវិល័យក្នុងការរស់នៅនិងដឹងពីសុខមាល ភាពរបស់គាត់គ្រប់គ្នា និយាយដោយឡែកក៏ដូចពលរដ្ឋកម្ពុជាទាំងអស់ផងដែរ។
សូមទស្សនា ទិដ្ឋភាពនានា នៅតាមដងផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥៕
ដោយ ៖ សិលា